ខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត នៅតែកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចភ្នំពេញ និងខេត្តកណ្តាល, រដ្ឋមន្រ្តីធនធានទឹក បន្តចុះអន្តរាគមន៍ទប់ស្កាត់


នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

សូមបញ្ជាក់ថា ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់ ៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់ថា «ពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួង បាននិងកំពុងខិតខំជួសជុលបិតរូងនាគដែលបានលេចចេញជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដីលើក និងបង្ហាប់ទំនប់ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ខ្នងទំនប់»

ជាការចូលរួមបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភសំបកបាវចំនួន ៣០០០បាវ ជូនដល់លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ចាត់ចែងបន្តទៅសង្កាត់ទាំង៣ ដើម្បីចូលរួមទប់ស្កាត់លំហូរទឹកលើតួទំនប់ទៅផ្នែកខាងក្រោម បង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ។

ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ។

ជាមួយគ្នានេះ នាពេលដ៏ខ្លីខាងមុនក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តតាកែវ ដែលទទួលបានជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន៕