ឯកឧត្តម សាយ សំអាល់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់


ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តត្រួតពិនិត្យគុណភាពខ្យល់ របស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍ នេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន និស្សិត និងសិស្សានុសិស្សមួយចំនួនទៀត។
ឯកឧត្តម ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅខណៈដែលកំណើនការអភិវឌ្ឍសេដ្ឋកិច្ចមានកម្រិតខ្ពស់ ពិសេសកំណើនតម្រូវការថាមពល បញ្ហាគុណភាពខ្យល់សាធារណៈ ត្រូវបានប្រជាពលរដ្ឋធ្វើការតាមដាន ដោយការយកចិត្តទុកដាក់ ពិសេសបញ្ហាកំណើនភាគល្អិតនិចលវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ ដែលហៅ កាត់ថា PM២.៥ នៅក្នុងខ្យល់បរិយាកាស នាអំឡុងដើមឆ្នាំ២០២០។ ឆ្លើយតបនឹងបញ្ហាកង្វល់នេះ អគ្គនាយកដ្ឋានគាំពារបរិស្ថានបានយកចិត្តទុកដាក់ បង្កើនការតាមដានគុណភាពសាធារណៈ និងការកំណត់វិធានការ ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ។ ឯកឧត្តមបន្ថែមថា មកទល់ពេលនេះ ក្រសួងបានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិនៅ តាមបណ្តារាជធានី ខេត្ត សរុបចំនួន ៤៩ គ្រឿង (ភ្នំពេញមានចំនួន ១១ និងខេត្តចំនួន ២៨គ្រឿង) ហើយដែល ត្រូវបន្តបំពាក់ចំនួន ៨ គ្រឿងបន្ថែម។ ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធិផលថ្មីនាពេលនេះ រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន ១គ្រឿង ” វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់” គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ដែលមានឈ្មោះថា វិស្ណុ ដែលអាចឱ្យក្រសួងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រមូលទិន្នន័យគុណភាពខ្យល់ផ្សព្វផ្សាយជូនដល់សាធារណៈជន ឱ្យកាន់តែមានសុក្រឹត្យភាព និងទាន់ពេលវេលា ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រទេសកម្ពុជា ស្អាត ឆ្លាតវៃ និងមានបរិស្ថានស្អាត គឺត្រូវមានការចូលរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ធផងដែរ ធ្វើយ៉ាងណាក្នុងការទុកដាក់និងគ្រប់គ្រងកាកសំណល់ សំរាមអោយបានត្រឹមត្រូវ ទើបប្រទេសកម្ពុជាមានបរិស្ថានស្អាត និងបៃតង៕