លោកជំទាវអភិបាលរងខេត្តកំពង់ចាម ដឹកនាំយុទ្ធនាការសម្អាតអនាម័យ ក្នុងក្រុងកំពង់ចាម នាឱកាសទិវាទេសចរណ៍ពិភពលោក និងទិវាពិភពលោកទីក្រុងស្អាត


នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ កងកម្លាំង សិស្សនិស្សិត ប្រជាពលរដ្ឋធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្នុងក្រុងកំពង់ ចាម នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និងការ អភិវឌ្ឍជនបទ» និងទិវាពិភពលោកទីក្រុងស្អាត  ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ សាលាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិតទាំងស្រុង របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ »។

លោកជំទាវអភិបាលរងខេត្តក៏បានលើកឡើងថា អនាម័យបរិស្ថានស្អាត និងទីក្រុងស្អាត គឺផ្តើមចេញពីយើងទាំងអស់គ្នាម្នាក់ៗចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន ហើយនៅ បណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ព្រះចៅអធិការគ្រប់វត្តអារាម រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គណៈកម្មការផ្សារ សមាគម អង្គការសង្គមស៊ីវិល ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្រូវ ចូលរួមក្នុងយុទ្ធនាការស្អាតអនាម័យបរិស្ថានឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីបរិស្ថានល្អនិងសុខភាពល្អ។

លោកជំទាវ ប៉ាង ដានី ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ការទប់ស្កាត់ និងជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ការចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ និងនាំគ្នាទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕