អភិបាលខេត្តកំពង់ធំ ត្រៀមទួលសុវត្ថិភាព៣កន្លែង ក្នុងស្រុកសណ្តាន់ ដើម្បីទុកជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន និងទីទួលសុវត្ថិភាព នៅក្នុងស្រុកសណ្ដាន់ ដើម្បីត្រៀមរៀបចំបង្ការសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ឲ្យបានទាន់ពេលវេលា។

នៅស្រុកសណ្តាន់ ឃុំឈើទាល បានត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាពចំនួន ៣កន្លែង រួមមានភូមិឈើទាល ភូមិអណ្តូងព្រីង និងភូមិកែរង ដោយមួយកន្លែងអាចទទួលបានប្រជាពលរដ្ឋ ងាយរងគ្រោះប្រមាណជាង ១០០គ្រួសារ។

ឯកឧត្តម សុខ លូ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ បានធ្វើឲ្យស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងយ៉ាងគំហុក តែបើទោះជាយ៉ាងនេះក៏ដោយ បានធ្វើឲ្យស្ថានភាពទឹកមានលក្ខណៈល្អប្រសើរ សម្រាប់ស្រែស្រូវរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបន្តថា មកដល់ពេលនេះស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនទាន់ដល់កម្រិតកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ននោះទេ បើសម្រាប់ស្រុកសណ្តាន់ គឺ១៨.៥០ ចំណែក ក្រុងស្ទឹងសែន១៣.៥០។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅបណ្តាថ្ងៃខាងមុខ នៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេស ត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម។

បន្ថែមលើសពីនេះទៀតឯកឧត្តម សុខ លូ បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួល ក្នុងការត្រៀមខ្លួនចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងនោះអាជ្ញាធរក៏បានត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព គ្រប់ក្រុងស្រុកផងដែរ៕