ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តពោធិ៍សាត់ ចុះចែកស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៤០០គ្រួសារ


(ពោធិ៍សាត់)៖ បន្ទាប់ពីការចុះពិនិត្យស្ថានភាពលិចលង់ និងនាំស្បៀងអាហារមួយចំនួនជូនពលរដ្ឋរងការជន់លិចនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង់ នៅក្នុងថ្ងៃទី១៣ ខែតុលា ដដែលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហោះមកកាន់ខេត្តពោធ៍សាត់ ដើម្បីបន្តពិនិត្យការជន់លិច ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋរងការជន់លិចនៅទីដាច់ស្រយាលប្រមាណ ៤០០គ្រួសារបន្ថែមទៀត នៅឃុំអន្លង់វិល និងឃុំកញ្ជក្នុងស្រុកកណ្តៀង។

ក្នុងដំណើរអញ្ជើញចុះចែកអំណោយសង្គ្រោះនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ដោយសារពលរដ្ឋខ្វះមធ្យោបាយធ្វើដំណើរព្រោះការជន់លិចនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រតិបត្តិករជួរមុខលើសមរភូមិសង្គ្រោះ រួមនិងឯកឧត្តម ម៉ៅ ធនិន បានសម្រេចធ្វើតាមកាណូត និងធ្វើដំណើរលុយទឹកនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្តង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិគ្រោះមហន្តរាយ តែងបានក្រើនរំលឹកដល់មន្ត្រីរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានថា «មិនត្រូវទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ»។ សារនេះជាការបង្ហាញឱ្យឃើញនូវស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ។

ជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមខ្នងផ្ទះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងនឹករលឹកដល់ប្រជាពលរដ្ឋរងគ្រោះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបប្រជាពលរដ្ឋរងគ្រោះទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាផ្ទាល់ទៅរូបលោក ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាក្នុងកំលុងពេលជន់លិចនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ការដោះស្រាយទុក្ខលំបាករបស់ប្រជាជន គឺជាកាតព្វកិច្ចចម្បង និងស្នូលរបស់មន្រ្តីរាជការ។ ការចែកជំនួយមនុស្សធម៌នាពេលនេះ គឺមិនត្រូវផ្តោតតែលើអ្នកជម្លៀសមកទួលសុវត្ថិភាពទេ ហើយក៏មិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរដែរ។ ត្រូវរកឱ្យឃើញ និងទៅឱ្យដល់គោលដៅប្រជាពលរដ្ឋងាយរងគ្រោះតាមផ្ទះនីមួយៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម អភិបាលខេត្ត ដែលបាន យកចិត្តទុកដាក់ដោះស្រាយជួយដល់ប្រជាពលរដ្ឋក្នុងការងារទប់ស្កាត់ទឹកជំនន់ ការងារ ជម្លៀសនិង ចែកជំនួយយ៉ាងសស្រាក់សស្រាំនាពេលប៉ុន្មានថ្ងៃមកនេះ។ កិច្ចការនេះនឹងមិនអាច សម្រេចទៅបានទេ បើមិនមានឆន្ទៈខ្ពស់ និងការដឹកនាំដ៏ឈ្លៀសវៃរបស់របស់អភិបាលខេត្ត។

ក្នុងខេត្តពោធិ៍សាត់ ទឹកបានជន់លិច៦ក្រុង-ស្រុក និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១៤,៧២១គ្រួសារ និងស្លាប់ ២នាក់។ អាជ្ញាធរខេត្តដឹកនាំផ្ទាល់ដោយអភិបាលខេត្តចុះជួយសង្គ្រោះ និងផ្តល់ស្បៀងអាហារផ្សេងៗជូនប្រជាពលរដ្ឋបានប្រមាណ ១៤,៦២៨គ្រួសារ។

ប្រជាពលរដ្ឋបើទោះបីលំបាកនឹងការជន់លិចយ៉ាងណាក្តី តែពួកគេមានការកក់ក្តៅក្នុងចិត្ត ដែលបានឃើញអាជ្ញាធរចុះជួយសង្គ្រោះ និងផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពួកគេ៕