អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្ពស់ទឹកនៅតាមបណ្ដាអាងទឹកនានាក្នុងខេត្ត និងដាក់ចេញនូវវិធានការ ដើម្បីត្រៀមលក្ខណៈចុះអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងករណីមានការជន់លិចដោយសារជំនន់ទឹកភ្លៀង


នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពកម្ពស់ទឹកនៅតាមបណ្ដាអាងទឹកនានាក្នុងខេត្ត និងដាក់ចេញនូវវិធានការ ដើម្បីត្រៀមលក្ខណៈចុះអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងករណីមានការជន់លិចដោយសារជំនន់ទឹកភ្លៀងកើតឡើង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានពីស្ថានភាពអាកាសធាតុ ស្ថានភាពទឹកភ្លៀង និងកម្ពស់ទឹកនៅតាមបណ្ដាអាងទឹកនានា និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តតាមដានពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀងឲ្យបានច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ។
ទន្ទឹមនេះ គ្រប់អង្គភាពពាក់ព័ន្ធក៏មិនត្រូវភ្លេចខ្លួនចំពោះជំងឺកូវីដ-១៩នោះទេ ក្រុមការងារចត្តាឡីស័កនៅតាមបណ្តាគោលដៅនានាក្នុងខេត្ត ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺនេះនៅតាមសហគមន៍៕