អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពទឹកតាមក្រុងស្រុក ដើម្បីរកវិធានការដោះស្រាយ បើសិនករណីគ្រោះទឹកជំនន់កើតមានដូចខេត្តផ្សេងៗ


(ឧត្តរមានជ័យ)៖ ក្នុងទិសដៅត្រៀមលក្ខណៈការពារទុកជាមុននូវគ្រោះទឹកជំនន់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អមដំណើរដោយលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកនៅតំបន់សំខាន់ៗនៅតាមក្រុងស្រុកក្នុងខេត្ត។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា ទោះបីជានៅតាមក្រុងស្រុក ក៏ដូចជាខេត្តឧត្តរមានជ័យទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ដូច ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក៏ពិតមែន តែយើងក៏មិនត្រូវមានការធ្វេសប្រហែស បណ្តែតបណ្តោយទុកឲ្យស្ថានការណ៍កើតឡើងទើបយើងរកដំណោះស្រាយនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ការចុះពិនិត្យស្ថានភាពទឹកនៅពេលនេះ ឃើញថានៅក្នុងខេត្ត មិនទាន់មានក្រុងស្រុកណាមួយ មានបញ្ហាប្រឈម និងគ្រោះទឹកជំនន់នោះទេ ប៉ុន្តែបញ្ហាសំខាន់ទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ពេលវេលា ពេលគ្រោះទឹកជំនន់កើតឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន កុសល្យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមានបឹង មាត់អូរ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចអំពីទ្រព្យសម្បត្តិ សត្វគោ ក្របី ជ្រូក មាន់ ទា និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាសចៀសវាងនាំឲ្យមានករណីគ្រោះថ្នាក់ណាមួយជាយថាហេតុ។

ដោយឡែក លោក ញឺន កួន បានថ្លែងបញ្ជាក់ថា មកទល់ថ្ងៃនេះស្ថានភាពទឹកនៅក្នុងខេត្តឧត្តរមានជ័យ មិនទាន់មានករណីធ្ងន់ធ្ងរនាំឲ្យប៉ះពាល់នោះទេ គ្រាន់តែកន្លែងខ្លះទឹកហូរច្រោះផ្លូវ ជារឿងធម្មតាទេ ប៉ុន្តែមន្ទីរបានត្រៀមគ្រឿងចក្រ សម្រាប់អន្តារាគមន៍តាមគោលដៅសំខាន់ៗរួចហើយ បើសិនមានករណីគ្រោះទឹកជំនន់កើតឡើង៕