ឯកឧត្តម លឹម គានហោ អនុញ្ញាតឲ្យគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Wei ShanZhong ប្រធានគណៈកម្មការគ្រប់គ្រងទន្លេយ៉ាងសេ ( Changjiang River ) និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម Wei ShanZhong និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅក្រសួងធនធានទឹក និងឧតុនិយម នាពេលនេះ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះភាគីមិត្តចិន ដែលបានផ្តល់នូវជំនួយឥតសំណង និងមន្ត្រីបច្ចេកទេស ដើម្បីសាងសង់វិទ្យាស្ថានវិទ្យាសាស្ត្រធនធានទឹក និងជួយសិក្សាស្រាវជ្រាវ ដើម្បីបង្កើតឡើងនូវគម្រោងប្លង់មេ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម Wei ShanZhong បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា បេសកកម្មរបស់ឯកឧត្តម និងប្រតិភូនៅពេលនេះ គឺដើម្បីជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃកិច្ចការទាំងពីរខាងលើ និងស្នើសុំការពិភាក្សាយោបល់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីចិន កាលពីខែតុលា ឆ្នាំ ២០១៦ កន្លងទៅ ។
បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អ្នកបច្ចេកទេស និងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពទៅលើលទ្ធផលនៃការសិក្សាដែលទទួលបាន និងជំរុញបន្ថែមឱ្យអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន បង្កើនកិច្ចសហការ និងធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យកិច្ចការទាំងពីរខាងលើ សម្រេចបានលទ្ធផលស្ថាពរក្នុងពេលដ៏ខ្លីខាងមុខ ៕