អាជ្ញាធររាជធានីភ្នំពេញ បន្ដបិទចរាចរណ៍រថយន្ដធុនធំលើផ្លូវជាតិលេខ៤ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដោយសារទឹកជន់លិចផ្លូវខ្លាំង


(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដបិទចរាចរណ៍រថយន្ដធុនធំ លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ចូលរាជធានីភ្នំពេញ ដោយសារទឹកជន់លិចផ្លូវខ្លាំងនៅចំណុចអូឌឹម។ ការបិទចរាចរណ៍ក្នុងគោលបំណងថែរក្សា ការពារផ្លូវថ្នល់ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋបាលខណ្ឌកំបូល បានជូនដំណឹងជាថ្មីម្ដងទៀតថា អាជ្ញាធរផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរណ៍ ឆ្លងកាត់របស់រថយន្តដឹកទំនិញធុនធំ រថយន្តកុងទឺន័រ រថយន្តបែនដឹកដី និងរថយន្តធុនធំដទៃទៀត ឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ព្រំប្រទល់ឃុំបែកចាន និងកំណាត់ផ្លូវជាតិលេខ៤២ ព្រំប្រទល់ឃុំបែកចាន ស្រុកអង្គស្នួល និងសង្កាត់កំបូល ខណ្ឌកំបូល ព្រមទាំងផ្លូវឆ្លងចូលភូមិសាស្ត្រខណ្ឌកំបូល កាត់តាមសង្កាត់ឪឡោក និងសង្កាត់ស្នោរផងដែរ។

រដ្ឋបាលខណ្ឌកំបូល ក៏បានបង្ហាញផ្លូវបង្វែរទិសចរាចរណ៍ ដល់ម្ចាស់រថយន្តដឹកធុនធ្ងន់ទាំងអស់ផងដែរ អាចបង្វែរទិសចរាចរណ៍របស់ខ្លួន នៅផ្លូវជាតិលេខ៤ ចំណុចស្តុបផ្សារបែកចាន ឃុំបែកចាន តាមផ្លូវលខ៤២ ឆ្ពោះទៅផ្លូវជាតិលេខ៣ ឬតាមផ្លូវលេខ៥១ ទៅផ្លូវជាតិលេខ៥ ជាជំនួសវិញក្នុងរយៈពេលនេះ។

គួរជម្រាបថា រយៈពេលប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ៕