បញ្ហា សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ត្រូវបានសម្របសម្រួល ឆ្លើយតបដោះស្រាយភ្លាមៗ និងបន្តដោះស្រាយជូន នៅនឹងមូលដ្ឋានផ្ទាល់


នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំវេទិកាសាធារណៈនៅស្រុកសាលក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបានស្តាប់ សម្របសម្រួល ឆ្លើយតប និងដោះស្រាយនូវក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានជួបប្រទះបញ្ហាប្រឈមនានាកន្លងមក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពីក្រុមការងារថ្នាក់ជាតិ ដែលមានក្រសួង ស្ថានប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ធ្វើការសម្របសម្រួល ពន្យល់បកស្រាយ ឆ្លើយតប និងដោះស្រាយជូននៅនឹងមូលដ្ឋានផ្ទាល់តែម្តង។ ដោយវេទិកាសាធារណៈនេះប្រារព្ធធ្វើឡើង១ថ្ងៃពេញ ដោយពេលព្រឹកធ្វើនៅ ស្រុកសាលាក្រៅ និងពេលរសៀលធ្វើនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន មានការចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៨៥០នាក់។

ក្នុងឱកាសនោះដែរលោកឳពុក អ្នកម្តាយ បងប្អូនប្រជាពលរដ្ឋ បានសម្តែងសេចក្តីត្រេកអររីករាយ ទទួលស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម អ៊ី ឈាន ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូ ដោះស្រាយរាល់ការលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល គ្រប់ពេលវេលា តាំងពីដើមរហូតដល់បច្ចុប្បន្ន។

តាមរយៈវេទិកាថ្ងៃនេះ បានធ្វើការសម្របសម្រួល ឆ្លើយតប ដោះស្រាយភ្លាមៗ និងបន្តដោះស្រាយ នូវរាល់បញ្ហា សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលបានលើក និងស្នើឡើង ជូនអង្គវេទិការបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។

សូមបញ្ជាក់ថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យចំគោលដៅការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនៅក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចបងើ្កតឲ្យមានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បី​ផ្សាភ្ជាប់រវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ តាមរយៈ​គោលដៅ ៣ សំខាន់ ​គឺ ទី​១-​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន ទី​២-​រៀបចំ​វេទិកាសាធារណៈ ស្តាប់ និង​ដោះស្រាយជូនប្រជាពលរដ្ឋ​នៅ​ទីកន្លែង និង​ទី​៣-​ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវា ជូនដល់​ប្រជាជន និងមហាជន​។