ជំនន់ទឹកភ្លៀងប៉ះពាល់នៅស្រុកស្ទោង ខេត្តកំពង់ធំ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ឲ្យកងកម្លាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ


(កំពង់ធំ)៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយជាស្បៀងអាហារ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន២ភូមិ ស្មើនឹង ១៣គ្រួសារ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

អំណោយជាស្បៀងអាហាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្ររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទាំង២ភូមិ រួមមាន៖ ភូមិចន្លុះចំនួន ៤គ្រួសារ និងភូមិបេងចំនួន ៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីម៉ាម៉ា ចំនួនមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួនពីរយួរ និងទឹកពិសារបរិសុទ្ធចំនួនមួយកេស។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា សម្ភារទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា។ ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើសាកសួរសួរសុខទុក្ខពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយបានចូលរួមសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ និងដំណាំកសិកម្មមួយចំនួន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ៕