គ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវចែកជូនប្រជាពលរដ្ឋ១០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះចែកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គ្រឿងឧបភោគបរិភោគនាថ្ងៃនេះ មានការចូលរួមចំណែក ពីសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីសួរសុខទុក្ខ ការអាណិតអាសូរ និងការសោកស្ដាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក៏ជាប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចទាំងទ្វេ មិនដែលបោះបង់បងប្អូនជនរួមជាតិណាម្នាក់ឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញចូលរួមចែកអំណោយជាមួយកាកបាទក្រហមកម្ពុជាដឹកនាំដោយឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា តំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញផងដែរ៕