សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះមហាក្សត្រ ដែលបានព្រះរាជទានព្រះរាជអំណោយ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ដែលបានព្រះរាជទានព្រះរាជអំណោយ សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រាកំពុងជួយគ្រោះជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។
យោងតាមសារលិខិតសម្តេចតេជោ ថ្វាយព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងនាមសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងទូលព្រះបង្គជា សម្តេចតេជោ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអតិបរមាថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូងជាទីគោរពសក្តារៈ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយជាបន្តបន្ទាប់ជួយសម្រាលនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គ ក្នុងគ្រាជួបហានិភ័យដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ទឹកជំនន់ប៉ះពាល់ដល់បណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយទៀតថា «ទូលព្រះបង្គំយើងខ្ញុំគ្រប់រូប សូមថ្លែងអំណរព្រះរាជគុណ ជាអនេកប្បការ និងសូមលំឱនកាយថ្វាយនូវព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្តារៈ និងសម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។