សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាកិត្តិយសក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលី សូត្រមន្ត និងសម្ដែងធម៌ទេសនាក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម ហៅ វត្តទួលសង្កែ ដែលអមដំណើរដោយ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ អានី សុខអាន រួមជាមួយសហការីព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។
១. អ្នកទទួលៈ ត្រូវតែ​ជា​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​ដោយ​ចប់សព្វគ្រប់​រយៈពេល​បី ខែ ហើយក៏​ត្រូវតែ​ជាការ​ចូល​បឋម​វស្សា​ហើយ​ត្រូវតែ​គ្មាន​ជម្លោះ​ធំដុំ​កើតឡើង​ក្នុងចំណោម​ភិក្ខុ សង្ឃ​ក្នុង​អារាម​នោះ ។ ក្នុង​ព្រះ​វិន័យ​បានកំណត់​ច្បាស់​ថា សាមណេរ​គ្មាន​សិទ្ធិ​ទទួល​កឋិន បានទេ គឺ​បានតែ​ភិក្ខុ ហើយ​បើ​ភិក្ខុ​នោះ​មិនបាន​ចូល​វស្សា ឬ បាន​ចូល​វស្សា​ដែរ​ប៉ុន្តែ​បានធ្វើ ដាច់​វស្សា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។ ហើយ​បើទោះជា​មិន​ដាច់​វស្សា​ប៉ុន្តែ​ភិក្ខុ​ទាំងនោះ មាន​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។
២. វត្ថុៈ កឋិន​ជា​ប្រភេទ​ចីវរ​ទាន ហេតុនេះ វត្ថុ​ដែល​ប្រើប្រាស់​ដែលជា​តួអង្គ​កឋិន មានតែ ស្បង់ ចីពរ ឬ សង្ឃាដី (​ទីទៃ​ពីនេះ​ទៅ​ហៅថា​បរិវា​កឋិន ឬ អានិសង្ស​លាភ​ហើយ​គេ​អាច​នាំ​សម្ភារ នានា​ទៅ​រួម​ក្នុង​កឋិន​នេះ​បាន​តាម​ប្រាថ្នា ) ។ ប៉ុន្តែ​សំពត់​ដែល​អាច​ប្រើប្រាស់​ជា​សំពត់​កឋិន បាន​លុះណាតែ​ធ្វើ​ត្រឹមត្រូវ​តាម​ខ្នាត​ដែល​បាន​កំណត់ដោយ​វិន័យ ។​
៣. ពេលវេលាៈ ក្នុង​មួយឆ្នាំ រយៈ​ពេលដែល​អាចធ្វើ កឋិន បាន​មានតែ ២៩ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី ០១ រោច ខែ អស្សុជ ដល់​ថ្ងៃ ១៥ កើត ខែ កត្តិក ដែល​ឆ្នាំ ២០២០ នេះ ត្រូវ​នឹង​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ៣១ ខែ តុលា ហៅថា​កឋិន​កាល ។ ទីទៃ​ពី​រយៈ​ពេលនេះ​ទៅ មិន​ហៅថា​កឋិន​ឡើយ ។ មួយ សោត ក្នុង​វត្ត​មួយ អាចធ្វើ​កឋិន​បានតែ​ម្តង​ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅក្នុង​ថ្ងៃមួយ​នោះ ទោះ​មាន​អ្នក កឋិន ចូល​ប៉ុន្មាន​អ្នក ប៉ុន្មាន​ត្រៃ ក៏​ធ្វើបាន​តាម​ប្រាថ្នា ៕