ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ដង្ហែអង្គកឋិនទានសាមគ្គីវេប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ ឃុំព្រែកដំបូកស្រុកស្រីសន្ធរ


កំពង់ចាម៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អង្គកឋិនសាមគ្គី ដែលផ្តួចផ្តើមឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តកោះកែវ ស្រុកស្រីសន្ធរ ដើម្បីលើកស្ទួយវិស័យព្រះសាសនា ឱ្យមានការរីកចម្រើនតាមគន្លងនៃពុទ្ធសាសនា។
ដោយសារ ប្រទេសជាតិនិងប្រជាពលរដ្ឋកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនា និងមានឱកាសចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្នុងផ្នែកពុទ្ធចក្រអោយកាន់តែរីកចម្រើន និងបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សូមបញ្ជាក់ជូនថា៖ អង្គកឋិនទានសាមគ្គីដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធិបរិស័ទ ជិតឆ្ងាយ នឹងបានចូលរួមជាមួយឯកឧត្តមប្រធានក្រុមការងារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក បានប្រមូលបច្ច័យ ១៦១.៤០០.០០០ រៀល ប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ នាឱកាសនេះ។