គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន២៦០នាក់ បង្កើនសកម្មភាពតាមមូលដ្ឋានកាន់តែខ្លាំងឡើង


(ភ្នំពេញ)៖ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ ឯកឧត្តម នុត ពុធដារ៉ា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ២៦០នាក់ ក្នុងសង្កាត់ដង្កោ ស្ម័គ្រចិត្តចូលរួមធ្វើនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម នុត ពុធដារ៉ា បានអះអាងឲ្យដឹងនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំណុះឲ្យគណៈកម្មាធិការ គណបក្សសង្កាត់ដង្កោចំនួន២៦០នាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។

ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងថា សមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំងអស់ អំពីការជ្រើសរើសដ៏ត្រឹមត្រូវក្នុង ការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំ ខាងនយោបាយ បានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន ឥតឈប់ឈរ លើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ មានភាពធូរធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះដែរ លោកសូមបងប្អូនសមាជិក សមាជិកាថ្មីទាំងអស់ ត្រូវតែគោរពឲ្យបាននូវលក្ខន្តិកៈ គណបក្ស និងមានទំនាក់ ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នាពេលខាងមុខ ដោយក្នុងសង្កាត់ដង្កោ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី៣ នៃបញ្ជីបោះឆ្នោត ដើម្បីឲ្យគណបក្សមានលទ្ធភាព ក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជួយណែនាំ ដល់សមាជិកគ្រួសារបងប្អូន មិត្តភ័ក្ត្រ ឲ្យបានយល់អំពីគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជា ជៀសវាងការចាញ់ឧបាយកលបោកប្រាស់ប្រជាភិថុត របស់គណបក្សប្រឆាំង៕