ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា


ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកADACHI Itsu ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា ដែលបាន បញ្ចប់អណត្តិនៅកម្ពុជារយៈពេល២ ឆ្នាំ និងលោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន វាយតម្លៃខ្ពស់ចំពោះលោកប្រធានចាស់ ក្នុងកិច្ចសហការដ៏ល្អជាមួយក្រសួង ក្នុងការអនុវត្តគម្រោងនានា ជាពិសេសលើវិស័យទឹកស្អាត គឺប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជាប់ឈ្មោះដ៏ល្អនៅកម្ពុជា ។ ជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ពានរង្វាន់លើគុណភាពទឹកស្អាតជាបន្តបន្ទាប់ពីស្ថាប័នវាយតម្លៃអន្តរជាតិនានា ។ ឯកឧត្តម បានបន្តថាវិស័យទឹកស្អាត ក្រោមគម្រោង របស់អង្គការ JICA គឺមានវិសាលភាពគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗមួចំនួន ដូចជាៈបាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ កំពត និងមណ្ឌលគីរី ជាដើម ។ បញ្ហានេះ ឯកឧត្តមស្នើឲ្យអង្គការ JICA ពិនិត្យលទ្ធភាព ការបង្កើតរោចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀងផងដែរ ។ ជាមួយនិងការស្វាគមន៍ចំពោះប្រធានតំណាងអង្គការ JICA ថ្មី នៅកម្ពុជា ឯកឧត្តម ទេស រដ្ឋមន្ត្រី សង្ឃឹមថាលោកប្រធានថ្មី នឹងសហការល្អបន្តទៀតជាមួយក្រសួង ដែលក្រៅពីវិស័យទឹកស្អាត ឯកឧត្តម បានស្នើសហការគាំទ្រការលើកកំពស់វិស័យសហគ្រាសធុនតូច និងមធ្យម ការ បណ្តុះ បណ្តាលធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន ។ លោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា នៃអង្គការ JICA បានបង្ហាញនូវជំហរសហការគាំទ្រ និងផ្តល់សារៈសំខាន់ចំពោះមតិ និងសំណើររបស់ ឯកឧត្តម ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ ខាងលើ ។