ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម


នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង និងអគ្គនាយករងរដ្ឋបាល នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា កំពុងជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសកម្ម ដែលជាការងារអាទិភាពក្នុងពេលវេលាដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នឹងនូវតែបន្តការយកចិត្តទុកដាក់ដល់សុវត្ថិភាព និងប្រឹងប្រែងជួយដោះស្រាយនូវបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការណ៍ជួយសង្គ្រោះផ្សេងៗតាមតែអាចធ្វើទៅបាន។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជាក៏បានប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រសួងមហាផ្ទៃ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលក្នុងនោះមានគ្រឿងឧបភោគបរិភោគ អង្ករ៤តោន, ប្រេងឆា២៥០ដប, ទឹកស៊ីអុីវ២៥០ដប, ត្រី ខ ១,២៥០កំប៉ុង, រួមទាំងថវិកាចំនួន១០លានរៀលផងដែរ។
ឯកឧត្តម សក់ សេដ្ឋា បានថ្លែងអំណរគុណសម្រាប់ការឧបត្ថម្ភនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ហើយឯកឧត្តមក៏បានអំពាវនាវដល់អង្គការ ក៏ដូចជាសមាគមនានា ឲ្យបន្តសហការ និងចូលរួមជួយដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីផ្ដល់ជាការឧបត្ថម្ភសម្រាប់ចែកជូនគ្រួសារកំពុងរងគ្រោះលិចលង់លំនៅឋានដោយសារជំនន់ទឹកភ្លៀងនេះ៕