ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន២នាក់ លើជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ (ជាស្វាមី) និងស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ (ជាភរិយា និងមានកូន អាយុ០៣ឆ្នាំ) មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលជាស្វាមី និងភរិយាទាំងពីរនាក់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ១០៨នាក់ (ស្រី៣៤នាក់ កុមារ ០៣នាក់ និងទារក០១នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិខ្មែរអាយុ ៣៣ឆ្នាំ និង ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំដែលរកឃើញកូវីដ១៩ផងដែរ។ រីឯអ្នកដំណើរចំនួន១០៦នាក់ ដែលមានលទ្ធផលធ្វើតេស្តអវិជ្ជមានវីរុសវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលកងទ័ពអាកាស។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៥នាក់ (ស្ត្រី ៥៨នាក់ និងបុរស២២៧នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨០នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៥នាក់៕