សៀវភៅមគ្គុទេ្ទសក៍វិនិយោគខេត្តសៀមរាប ឧត្តរមានជ័យ នឹងបង្ហាញពីសក្តានុពល ដើម្បីឲ្យអ្នកវិីយោគបោះទុកវិនិយោគថ្មីៗបន្ថែមទៀត


នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអនុញ្ញាតឲ្យក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ ដែលដឹកនាំដោយលោកឧកញ៉ា ហ៊ុយ ភៀវ ជួបសម្តែងការគួរសម និងសុំអនុសាសន៍គន្លឹះខ្លះៗ ដើម្បីដាក់បញ្ជូលទៅក្នុងសៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្តសៀមរាប ឧត្តរមានជ័យ។ ជាមួយគ្នានេះ សភាភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យបានធ្វើបទបង្ហាញជូនអង្គប្រជុំ ដើម្បីសុំការជួយពិនិត្យ និងផ្តល់យោបល់បន្ថែមមុននឹងធ្វើការបោះពុម្ពសៀវភៅនេះ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅក្នុងខេត្តទាំងពីរនេះ ហើយនឹងធ្វើការចងក្រងជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេសបន្ទាប់ពីបានការគាំទ្រពីអង្គប្រជុំ។

នៅក្នុងជំនួបពិភាក្សានេះដែរឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា ការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍ វិនិយោគខេត្តសៀមរាប ឧត្តរមានជ័យ ជាជំហានថ្មីមួយ ដែលនឹងនាំឲ្យទាំងអ្នកវិនិយោគបរទេស និងវិនិយោគក្នុងស្រុក បានដឹងអំពីសក្តានុពលរបស់ខេត្ត។ ឯកឧត្តមបន្តថា ខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ដូច្នេះការបោះពុម្ពសៀវភៅមគ្គុទ្ទេសក៍វិនិយោគនេះ គួររំលេចឲ្យបានច្រើនអំពីវិស័យនានាដែលផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកនូវគន្លឹះល្អៗមួយចំនួន ធ្វើជាមូលដ្ឋានគ្រឹះក្នុងការចងក្រសៀវភៅនេះឡើង ឲ្យប្រកបទៅដោយស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និង វិនិយោគនៅខេត្តទាំងពីរ ដើមី្បផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករខ្មែរយើង ហើយឯកឧត្តមសូមធ្វើការគាំទ្រទាំងស្រុងផងដែរ។

ក្នុងនាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ លោកឧកញ៉ាហ៊ុយ ភៀវ បានថ្លែងថា សៀវភៅមគ្គុទេសក៍វិនិយោគខេត្តសៀមរាប-ឧត្តរមានជ័យនឹងជួយផ្សព្វផ្សាយអំពីសក្តានុពលដល់អ្នកវិនិយោគ អំពីចំនុចសំខាន់ដែលខេត្តទាំងពីរមាន ដើម្បីទាក់ទាញការចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគបន្ថែមបង្កើនកំលាំងសេដ្ឋកិច្ច និងជីវភាពប្រជាជនយើង ។ លោកឧកញ៉ា បន្តថាសម្រាប់ខេត្តសៀមរាប វិស័យទេសចរណ៍ និងវិស័យកសិកម្ម បានដើរតួយ៉ាងចម្បងសម្រាប់សេដ្ឋកិច្ចក្នុងខេត្តសៀមរាប។ ប៉ុន្តែការចងក្រងឯកសារ សម្រាប់ការផ្សព្វផ្សាយ ឬទិន្នន័យជាក់លាក់អំពីសក្តានុពលខេត្ត ហាក់នៅមានចំនួនតិចនៅឡើយ ហើយជួនកាល យើងពិបាកស្វែងរកព័ត៌មានទាំងអស់នោះដែរ ដើម្បីផ្សព្វផ្សាយ ដល់អ្នកវិនិយោគក្រៅប្រទេស ។

សភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានបោះមួយជំហានទៅមុខបន្ថែមទៀត ដោយបានបង្កើតឲ្យមានការរៀបរៀង នូវសៀវភៅមគ្គុទេសក៍វិនិយោគនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ការបោះជំហានថ្មីនេះ ត្រូវបានគេរំពឹងថា ជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទាំងក្នុងនិងក្រៅប្រទេស ។ គោលដៅចម្បងនៃការរៀបរៀង និងបោះផ្សាយសៀវភៅ មគ្គុទ្ទេសក៍វិនិយោគនេះឡើង គឺដើម្បីទុកជាឯកសារគោលសម្រាប់វិនិយោគិន និងធុរជនទាំងក្នុងនិងក្រៅប្រទេសដែលមានបំណង ប្រកបអាជីវកម្មនៅខេត្តសៀមរាប ឬឧត្តរមានជ័យ បានធ្វើការសិក្សាស្រាវជ្រាវអំពីវិស័យសក្តានុពល ក៏ដូចជាស្វែងរកដៃគូ វិនិយោគផងដែរ៕