សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា


នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមផងដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាជំនួបក្នុងថ្ងៃនេះគឺជាកិច្ចប្រជុំលើកដំបូងជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពការងាររបស់សមាគម។ សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយកន្លងមក សម្តេចក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទពិសោធន៍ និងឱកាសស្វែងយល់ច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនេះ។
ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិ បានលើកឡើងនូវសកម្មភាព និងលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលបានរួមគ្នាសម្រេចកន្លងមក ដោយក្នុងនោះរួមមានការរៀបចំនូវរចនាសម្ព័ន្ធ កិច្ចការងាររៀបចំលក្ខខន្តិកៈ ក៏ដូចជាលិខិតស្នើសុំបង្កើតសមាគម និងការចុះបញ្ជីស្របច្បាប់ជាដើម។ បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាភិបាលបានគូសបញ្ជាក់ថា មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតជាក្រុមការងារសម្រាប់ផ្លាស់ប្ដូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងន័យលើកស្ទួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យមានភាពល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមប្រឹក្សាភិបាលទាំងអស់នៃសមាគម ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕