លោកជំទាវកិត្តិសង្គហបណ្ឌិត នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋជាង៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំនៅវត្តគោកបញ្ជាន់ នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួប និងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងខណ្ឌដង្កោរកាលពីពេលថ្មីៗនេះ និងព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោក៏បានបន្តដំណើរទៅជួបប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាទឹកជំនន់ នៅខេត្តបន្ទាយមានជ័យផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួនៃប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពសរសង្គម ដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម។

 លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើថា៖

១៖ អាជ្ញាធរត្រូវខិតខំជម្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ និងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹក
២៖ សមត្ថកិច្ចនគរបាល អាវុធហត្ថ ប្រជាការពារ ត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព
៣៖ បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះក្មេងៗ ដោយមិនឲ្យនៅឆ្ងាយពីមនុស្សចាស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងត្រូវមានអនាម័យជានិច្ចក្នុងពេលទទួលទានអាហារ និងត្រូវហូបទឹកស្អាត
៤៖ បងប្អូនដែលបានជម្លៀសមកកាន់ទីទួលសុត្ថិភាព ហើយក៏ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវកិត្តិសង្គហបណ្ឌិត និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការសម្របសម្រួលកម្មវិធីដោយក្រុមការងារយុវជនក្រសួង សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើឲ្យកម្មវិធីនេះបានដំណើរការទៅបានដោយរលូន។

អំណោយសម្រាប់មួយគ្រួសារ ទទួលបានអង្ករ១៥គីឡីក្រាម ទឹកដោះគោ៥កំប៉ុង ត្រីខ១យួរ ទឹកសុទ្ធ១កេស មី១កេស នំប៉័ង១ដើម និងថវិកា១០ម៉ឺនរៀល៕