ឯកឧត្តម សំហេង បុរស ដឹកនាំប្រតិភូកម្ពុជាចូលរួមសម័យប្រជុំ លើកទី៦ របស់គណៈកម្មាធិការ UNESCAP តាមវីដេអូ ពិភាក្សាលើវិស័យអភិវឌ្ឍសង្គមកិច្ច


(ភ្នំពេញ)៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំ លើកទី៦ របស់គណៈកម្មាធិការ UNESCAP ស្ដីពីការអភិវឌ្ឍសង្គមកិច្ច (Sixth session of the Committee on Social Development)។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងតាមរយៈវីដេអូ Online នៅទីស្នាក់ការ UNESCAP នាទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពី UNESCAP បានអញ្ជើញមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដែលទទួលបន្ទុកការងារពាក់ព័ន្ធ ទៅនឹងវិស័យគាំពារសង្គម កិច្ចការអភិវឌ្ឍន៍ សុខាភិបាល និងកិច្ចការនារី ដើម្បីចូលរួមសម័យប្រជុំ លើកទី៦ របស់គណៈកម្មាធិការ UNESCAP នាថ្ងៃដដែលនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ញ៉េប ចាន់ណេ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

លោក ញ៉េប ចាន់ណេ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះ ផ្តោតជាពិសេសទៅលើចំនុចសំខាន់ៗពីរ នៅក្នុងវិស័យអភិវឌ្ឍសង្គមរួមមាន៖

*ទី១៖ សេច្ចក្តីព្រាងផែនការសកម្មភាពដើម្បីពង្រឹងកិច្ចសហការក្នុងតំបន់ទៅលើវិស័យគាំពារសង្គមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

*ទី២៖ សេចក្តីព្រាងក្របខ័ណ្ឌសូចនាករអាស៊ីប៉ាស៊ីហ្វិកសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិពីប្រជាជន និងការអភិវឌ្ឍ (Programme of Action of the international Conference on Population and Developmant )។

គួរបញ្ជាក់ថា ឯកឧត្តម សំហេង បុរស ត្រូវចាត់តាំងដឹកនាំប្រតិភូកម្ពុជា ក្នុងកិច្ច ប្រជុំ Sixth session of the Committee on Social Development ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផែនការ និងគណៈកម្មការជាតិអេស្កាប់ផងដែរ៕