ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងឯកឧត្តម ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ


ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរ និងកងកម្លាំងអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប្រកបដោយភាពជោគជ័យ។ នេះបើតាម ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់បានវាយប្រហារនៅក្រុងប៉ោយប៉ែត ដោយសារបាក់ទំនប់អូរខៃដនរបស់លោកឧកញ៉ា កុក អាន ដែលធ្វើឲ្យត្រូវលិចលង់ខ្លាំងជាងមុនផងដែរ។

ភ្លាមៗនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារគ្រប់ភាគីពាក់ព័ន្ធ ចុះទៅជួយជម្លៀសប្រជាពលរដ្ឋ ដើម្បីរកកន្លែងសុវត្ថិភាព ស្នាក់នៅបណ្តោះអាសន្ន។ លោក ង៉ោ ម៉េងជ្រួន បានលើកឡើងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសុវត្ថិភាពហើយ ប៉ុន្តែចំនួនប្រជាពលរដ្ឋរងគ្រោះមិនទាន់ត្រូវបានកំណត់នោះទេ។

ឯកឧត្តមបានឲ្យដឹងទៀតថា ទឹកនេះបានហូរមកពីថៃតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ម្ល៉េះ ប៉ុន្តែវាត្រូវបានស្តុកនៅអាងអូរខៃដន។ ដោយសារទំហំទឹកបុកមកខ្លាំងពេក ធ្វើឲ្យបាក់ទំនប់អូរខៃដននេះ និងហូរកាត់ផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី ហើយបុកទៅភូមិសូរិយា។

ឯកឧត្តម ង៉ោ ម៉េងជ្រួន បញ្ជាក់ថា «កម្លាំងអន្តរាគមន៍ទាំងអស់ បានដឹកប្រជាពលរដ្ឋរងគ្រោះ ទៅទីទួលសុវត្ថិភាពបានជោគជ័យ។ ការធ្វើទំនប់ គឺធ្វើតាមបច្ចេកទេស ប៉ុន្តែបរិមាណទឹកអត់បានដឹងមុនទេ ពីព្រោះគ្រោះធម្មជាតិរាល់ឆ្នាំវាអត់ដូចគ្នាទេ»

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា លោកបាននិងកំពុងតែបញ្ជូនកម្លាំងប្រតិបត្តិការមកដោះស្រាយ ហើយក្នុងនោះ ដាក់ទូក និងកាណូត ២០គ្រឿង ប្រចាំការទីនេះ។ បន្ថែមលើនេះ លោកបានឲ្យកម្លាំងចុះមើលតាមភូមិ និងរៀបចំផែនការបន្តទៀត ដើម្បីត្រៀមដោះស្រាយបញ្ហាចំពោះមុខ។

ការរៀបចំផែនការចំពោះមុខ គឺមើលលើទីតាំងភូមិសាស្ត្រ ដែលខ្សែទឹកត្រូវហូរទៅទិសដៅណា ត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋនៅទិសដៅនោះឲ្យបាន។ លោកបន្ថែមថា ថៃក៏ត្រៀមនឹងកាយប្រឡាយគេថែមទៀត ដែលអាចឲ្យមានទឹកធ្លាក់មកច្រើន បុកទៅអូរបីជាន់ ចំណែកទឹកដែលបាក់ទំនប់អូរខៃដនវិញ អាចនឹងឈានចូលដល់ក្រុងសេរីសោភ័ណ្ឌទៀតផង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រុមការងាររបស់យើងនៅទីនេះ មានកងទ័ព នគរបាលច្រើនជួយដោះស្រាយ ហើយនាំទូកមក ដោយសារយើងដឹងដំណឹងតាំងពីម្សិលមិញ។ យើងដឹងទៀតថា ខាងថៃកាយប្រឡាយថែមទៀត ដូច្នេះយើងមានការព្រួយបារម្ភបុកទៅទិសខាងអូរបីជាន់បន្តទៀត ឯទឹកនេះអាចឈានចូលដល់សេរីសោភ័ណ្ឌ។ ដូចនេះយើងប្រុងប្រៀបជើងការនៅទីនេះ និងនៅសេរីសោភ័ណ្ឌបន្តទៀត»

សូមបញ្ជាក់ជូនថា ក្នុងដំណើរចុះពិនិត្យនៅតំបន់កាលពីម្សិលមិញ រដ្ឋមន្រ្តីធនធានទឹក ឯកឧត្តម លឹម គានហោ បានពិភាក្សា និងណែនាំបន្ថែមដល់ក្រុមអ្នកបច្ចេកទេសតំណាងក្រុមហ៊ុនសាងសង់កូរ៉េ បន្ទាប់ពីបានចាត់មន្រ្តីបច្ចេកទេសក្រសួង សហការជាមួយទីប្រឹក្សាបច្ចេកទេស កូរ៉េ ចុះស្រាវជ្រាវ និងសិក្សារៀបចំជាសំណើគម្រោងអស់រយៈពេលជិត១០ឆ្នាំ ទំរាំទទួលបានការគាំទ្រ ហិរញ្ញប្បទាន-ឥណទានពីភាគីសាធារណ:កូរ៉េ ហើយនឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ (Irrigation Développement and Flood Mitigation Project) នៅទីតាំងខាងលើនារដូវប្រាំងឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងនេះបន្ទាប់ពីសាងសង់រួចមានសារសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ ក្នុងតំបន់ជាប់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេសអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ លក្ខណៈគ្រួសារ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីដាំដុះស្រូវបានប្រមាណ ៣៤.៦០០ ហិកតា ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្តេចតេជោបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង៕