ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងដាក់ឱ្យដំណើរការកម្មវិធី កែកំហុសសំណេរលើស្លាកសញ្ញា និងប្រព័ន្ធផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ


ឯកឧត្តម ឈិត វណ្ណាឫទ្ធិ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសម្រួលក្នុងការបង្កើតសុសវែរ (Software) បានឱ្យដឹងថា កម្មវិធីកែកំហុសការសរសេរលើស្លាកសញ្ញា និងប្រព័ន្ធផ្សព្វផ្សាយ នឹងដាក់ឱ្យដំណើការក្នុងពេលឆាប់ៗនេះ។

ការឱ្យដឹងបែបនេះរបស់ឯកឧត្តមបណ្ឌិត ឈិត បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈិត វណ្ណាឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យ៉ាងយូរ១ខែទៀត កម្មវិធីនេះនឹងបញ្ចេញជាផ្លូវការ ដើម្បីឱ្យសាធារជនអាចប្រើទូរស័ព្ទថតរូប ហើយបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធឲ្យបានដឹងពីរូបសញ្ញាដែលមានកំហុស និងបញ្ជាក់ទីតាំងរបស់រូបសញ្ញានោះ ដើម្បីអ្នកជំនាញពិនិត្យ និងកែតម្រូវ»

ឯកឧត្តមបណ្ឌិតបានបន្តថា នេះជាកម្មវិធីសុសវែរ (Software) ថ្មីមួយ ដែលបង្កើតដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឱ្យសាធារណជនអាចប្រើទូរស័ព្ទថតរូប ហើយបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបានដឹងពីសំណេរលើរូបសញ្ញាដែលមានកំហុស និងបញ្ជាក់ទីតាំង ដើម្បីឱ្យពិនិត្យ និងកែតម្រូវឡើងវិញ។ សុសវែរ (Software) សម្រាប់កំណែកំហុសក្នុងសំណេរលើស្លាកសញ្ញា និងប្រព័ន្ធផ្សព្វផ្សាយនឹងដាក់ឱ្យដំណើការក្នុងពេលឆាប់ៗនេះ ខណៈការរៀបចំបច្ចេកទេសតម្លើងកម្មវិធីនេះសម្រេចបានស្ទើរតែ១០០ភាគរយហើយ។

បើតាមឯកឧត្តម ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានថ្លែងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងសហការពីគ្រប់មជ្ឈដ្ឋាននៃអ្នកប្រើប្រាស់ភាសាខ្មែរ ក្នុងគោលបំណងរកដំណោះស្រាយលើបញ្ហាចោទឡើងក្នុងភាសាខ្មែរ ជាជំហ៊ានៗ មានដូចជាការពិនិត្យអនុម័តបច្ចេកទេសសព្ទរបស់គណៈកម្មការបច្ចេកទេសទាំង១៧ បច្ចេកទេសសព្ទដែលស្នើដោយក្រសួង ស្ថាប័ននានា និងសំណើរបស់មហាជនជាដើម។

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កំហុសនៃការប្រើភាសាខ្មែនៅលើរូបសញ្ញា នៅតែកើតមានច្រើនគួរឱ្យកត់សម្គាល់ដោយមិនអាចលាក់បាំងពីភ្នែកសាធារណជនបានឡើយ ហើយមហាជនខ្លះបានរិះគនល់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែររកឃើញថា កំហុសនៃការប្រើភាសាខ្មែរលើរូបសញ្ញាមានដល់ទៅ២៥ភាគរយ គឺកំហុសក្នុងការសរសេរស្រៈ ព្យញ្ជនៈ វណ្ណយុត្ត ការសរសេរជាព្យាង្គតម្រួត ឬព្យាង្គរាយ និងកំហុសខាងវេយ្យាករណ៍។

ឯកឧត្តមបណ្ឌិត សុខ ទូច យល់ថា កំហុសដែលកើយឡើងដោយអចេតនាទាំងនេះ ទំនងជាមកពីមន្ត្រីមួយចំនួននៅក្នុងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនឹងការគ្រប់គ្រងលើរូបសញ្ញាខ្វះការប្រុងប្រយ័ត្នចំពោះការប្រើភាសាខ្មែរ។ ម្យ៉ាងទៀត អាជីវករខ្លះបានលើករូបសញ្ញារបស់ខ្លួនដោយពុំបានសុំការអនុញ្ញាត ឬឆ្លងការត្រួតពិនិត្យពីក្រសួង ស្ថាប័នជំនាញនោះឡើយ ហើយកំហុសទាំងនេះ មិនទាន់គិតដល់ក្រុមជាងធ្វើរូបសញ្ញាដែលមិនសូវមានចំណេះដឹងក្នុងការប្រើភាសាខ្មែរផង។

ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបាននឹងកំពុងបន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា ឱ្យបានចប់សព្វគ្រប់ ដើម្បីឱ្យអនុក្រឹត្យនេះក្លាយជាផែនទីបង្ហាញផ្លូវក្នុងការត្រួតពិនិត្យ និងកែកំហុសភាសាខ្មែរនៅលើរូបសញ្ញា។ ជាមួយគ្នានេះ ទាក់ទងនឹងសុសវែរថ្មី ដែលត្រៀមនឹងដាក់ឱ្យដំណើការឆាប់ៗនេះ។ ឯកឧត្តមសង្ឃឹមថា តាមរយៈសុសវែរនេះ ទាំងមហាជន ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធអាចចូលរួមតាមដាន ត្រួតពិនិត្យ និងកែតម្រូវរាល់កំហុសនៃការប្រើប្រាស់ភាសាខ្មែរលើរូបសញ្ញាទាំងអស់គ្នា ដោយពុំមានការស្តើបន្ទោស ទម្លាក់កំហុសលើភាគីណាមួយឡើយ។

បើយោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការស្រាវជ្រាវលើស្ថានភាពនៃការប្រើប្រាស់ភាសាខ្មែរ នៅលើស្លាកយីហោ បានឱ្យដឹងថាក្នុងចំណោមទិន្នន័យ១០០០រូបថត ស្លាកយីហោ ដែលមានកំហុសអក្ខរាវិរុទ្ធមានចំនួនច្រើនគួរឱ្យកត់សម្គាល់ប្រហែល១ ភាគ៤ នៃចំនួនស្លាកយីហោទាំងអស់។

បញ្ហាដែលនាំឱ្យមានកំហុសអក្ខរាវិរុទ្ធមានចំនួនច្រើនបែបនេះទំនងជាមកពីកង្វះការយកចិត្តទុកដាក់របស់ស្ថាប័នគ្រប់គ្រង និងអាជីវករដែលជាម្ចាស់ស្លាក។

កត្តាមួយទៀត អាចបណ្តាលមកពីអាជីវករមិនយល់អំពីនីតិវិធីក្នុងការលើកស្លាកយីហោ ហើយលើកស្លាកយីហោដោយចិត្តឯងដោយមិនបានស្នើសុំស្ថាប័នគ្រប់គ្រងទៅតាមនីតិវិធីច្បាប់។ ម្យ៉ាងទៀត ស្ថាប័នគ្រប់គ្រង ឬអាជីវករដែលលើកស្លាកយីហោទំនងជាមិនសូវចេះក្បួនច្បាប់អក្ខរាវិរុទ្ធ ដែលនាំឱ្យមានបញ្ហាកំហុសកើតមានដោយអចេតនា។

ការទទួលបានព័ត៌មានពីអ្នកពាក់ព័ន្ធមួយចំនួនអំពី មូលហេតុចម្បងខ្លះៗនៃបញ្ហានេះ ទំនងមិនមែនគ្រាន់តែអាចបណ្តាលមកពីអ្នកផ្តល់សេវាពាក់ព័ន្ធនឹងស្លាកយីហោ និងអ្នកទទួលសេវាដែលជាក្រុមហ៊ុន ឬអាជីវករប៉ុណ្ណោះទេ គឺទំនងជាអាចបណ្តាលមកពីអ្នកបោះពុម្ព ឬវិចិត្រករដែលផលិតស្លាកយីហោ ផងដែរ៕