កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់


ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ ដល់ទីតាំងលិចទឹកផ្ទាល់ និងបានចូលរួមជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះចេញប្រតិបត្តិការ ជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីប្រចាំការនៅគោលដៅត្រៀមសង្គ្រោះក៏បានជួយដឹកជញ្ជូនសម្ភារៈ និងជូនពួកគាត់ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះ ប្រជាពលរដ្ឋជាបន្តបន្ទាប់៕