សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងប្រជាពលរដ្ឋងាយរងគ្រោះសរុបចំនួន ៣០គ្រួសារ


សាខាកក្រក ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងប្រជាពលរដ្ឋងាយរងគ្រោះសរុបចំនួន ៣០គ្រួសារ (នៅភូមិសំរោងចំនួន៥ គ្រួសារ ភូមិគោកបេង១០គ្រួសារ ភូមិថ្មី ១៥គ្រួសារ) ឋិតនៅ សង្កាត់កំពង់ប្រណាក  ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ២យួរ តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយចំនួន ។