អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្រ្តីកាកបាទក្រហមខេត្តត្រៀមលក្ខណៈ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្តឯកឧត្តម អ៊ុន ចាន់ដា បានណែនាំមន្ត្រីសាខាកាកបាទក្រហមខេត្ត ឲ្យត្រៀមលក្ខណៈទាំងកម្លាំង ស្បៀង សម្ភារ និងថវិកា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៩ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៣ខែ ចុង ឆ្នាំ២០២០ នៅស្នាក់ការសាខាកាកបាទក្រហមខេត្តកំពង់ចាម។

ក្រោយលោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានរាយការណ៍ពីលទ្ធផលការងារ រយៈពេល ៩ខែ និងស្តាប់របាយការណ៍របស់លោកស្រី ចាន់ វ៉ាន់នី ហិរញ្ញឹកសាខាស្តីពីចំណូលចំណាយ ហិរញ្ញវត្ថុ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មធ្វើជាសេនាធិការ ឲ្យគណៈកម្មាធិការសាខាក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៩ខែ ដើមឆ្នាំនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈពិសេស ការផ្តល់ជំនួយសង្រ្គោះផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាពបានទាន់ពេលវេលា។

ជាមួយនេះ សាខាក៏បានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចសហការដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ១៩ ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃឈប់សម្រាក ជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងអំឡុង ខែកក្កដា កន្លងទៅនោះផងដែរ។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ ប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីវិធានការមួយចំនួន សម្រាប់អនុវត្តបន្ត រយៈពេល ៣ខែចុងឆ្នាំនេះ ពិសេសត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ឲ្យបានជាប្រចាំ ការពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងកាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ដើម្បីម្ចាស់ការអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ ពិសេសជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើង និងរៀបចំផែនការសកម្មភាពសម្រាប់សាខាអនុវត្ត ក្នុងឆ្នាំ ២០២១ អោយមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធិផល៕