ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥០០គ្រួសារ នៅក្រុងតាខ្មៅ ទទួលអំណោយពីថ្នាក់ដឹកនាំខេត្តកណ្តាល ក្នុងគ្រាដែលកំពុងជួបការលំបាក


នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្រុមប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ បានសំដែងទឹកមុខញញឹមញញេម នៅគ្រាដែលថ្នាក់ដឹកនាំខេត្តកណ្ដាល រួមមាន៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, ឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល និងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀត បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ពលរដ្ឋនៅសង្កាត់ចំនួន២ នៃក្រុងតាខ្មៅ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក សំ មេត្តា និង លោក ឌីណា ដែលជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង បានប្រាប់ ប្រចាំខេត្តកណ្ដាលថា ពួកគាត់ត្រេកអរណាស់ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ ដឹកនាំ ខេត្តកណ្ដាល ដែលបានគិតគូរយកចិត្តទុកដាក់ ជួយសង្រ្គោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់។ «សូមអរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងអស់ ដែលមិនបំភ្លេចពលរដ្ឋចោល ហើយតែងតែជួយឃើញមុខ ជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច មិនដូចបក្សផ្សេងទេ ដែលបានតែមាត់ តែគ្មានបានជួយអ្វីដូចបក្សប្រជាជនសោះឡើយ»

ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយតែងតែបារម្ភចំពោះប្រជារាស្ត្រ កូនចៅមិនថាយប់ ឬថ្ងៃឡើយ។

ឯកឧត្តមបណ្ឌិតបន្តថា ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្រ្គោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ ព្រោះគណបក្សប្រជាជនស្រលាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិ ប្រជាជនជានិច្ចនិរន្ត។

ទន្ទឹមនឹងសារនេះដែរ ឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារ នៅក្នុងបន្ទុកកុំឲ្យមានគ្រោះថ្នាក់ ណាមួយ កើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឲ្យមានហានិភ័យ កើតឡើងជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

អំណោយដែលផ្តល់ជូនគ្រួសារ រងគ្រោះនាពេលនេះមាន៖ អង្ករ២០គីឡូក្រាម, មី១៥កញ្ចប់, ត្រីខ៤កំប៉ុង, ទឹកស៊ីអ៊ីវ១ដប, ទឹកត្រី១ដប និងថវិកា៤ម៉ឺនរៀល។

សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាល មានស្រុក២ និងក្រុង១ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះ មានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ៕