ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពី ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩


ភ្នំពេញ ៖លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិ ស្ថាន នៅថ្ងៃ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹងថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩» ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គណៈកម្មការបណ្តាញសហគមន៍ ។

 

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិ ស្ថាន បានឱ្យដឹងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការរបស់ក្រសួងបរិ ស្ថាន បាន និងកំពុងដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាក្នុងការចូលរួមអភិរក្សតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការការពារ និងអភិរក្សធន ធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន។ យ៉ាងណាមិញ ការគ្រប់គ្រងតំបន់ការពារធម្មជាតិគឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋានផងដែរ។ ពី ព្រោះថា ពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាននិងកំពុងប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឈរនៅ លើទស្សនៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រ ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជនទូទៅ និងសហគមន៍មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការរៀបចំបង្កើតជាសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយុទ្ធសាស្ត្រសមស្រប សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ប្រកបដោយកាលានុវត្តភាព និងដោយចីរភាព។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោក និងប្រទេសកម្ពុជាធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់វិស័យទេសចរណ៍ ឧស្សាហកម្ម រោងចក្រកាត់ដេរ សំណង់ សេវាកម្មu ហិរញ្ញវត្ថុ កសិកម្ម អប់រំ សុខាភិបាល។ល។ ដែលធ្វើ ឱ្យមានការបាត់បង់ការងារ និងប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវគណៈកម្មការជាតិ គណៈកម្មការអន្តរក្រសួង និងគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត ដើម្បីជាយន្តការដឹកនាំ សម្របសម្រួល កំណត់គោលនយោបាយ យុទ្ធសាស្រ្ត និងបច្ចេកទេសពាក់ព័ន្ធ និងអនុវត្តន៍ផែនការទប់ស្កាត់ និងគ្រប់គ្រងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលបាននិងកំពុងបន្តចាត់វិធានការចាំបាច់នានា ជាពិសេសការគិតគូរលើតម្រូវការជាមូលដ្ឋាន នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី បានលើកទឹកចិត្តឱ្យអ្នកចូលរួមសិក្ខាសាលាទាំងអស់នាពេលនេះ ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជាប្រយោជន៍សហគមន៍រួមនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង ជាពិសេសស្នើឱ្យលោក លោកស្រីទាំងអស់ ចូលរួមជាមតិយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការអនុវត្តន៍សកម្មភាពបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕