នាយកកម្មវិធីស្បៀងអាហារពិភពលោកបង្ហាញការបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូល្អ និងឧបត្ដម្ភកម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ


ភ្នំពេញ ៖ លោកស្រី Claire Conan ជាតំណាងនាយកកម្មវិធីស្បៀងអាហារពិភព លោក(WFP) ប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការបន្តឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាព ជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ បន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ ជា​មួយ​នឹង​ការ​ឧបត្ថម្ភ គាំទ្រលើការងារធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងជន​ងាយរងគ្រោះ ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល កម្មវិធីបញ្ចូលមីក្រូសារ​ជាតិក្នុងអាហារ ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនឹងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ ការលើកឡើងរបស់លោកស្រីនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីស្តីការ​ក្រសួង​ផែនការ។

 

លោកស្រី Claire Conan ជាតំណាងនាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ទើបទទួលបានការតែងតាំងថ្មីបានលើកឡើងពីកិច្ច​សហ​ប្រតិ​បត្តិ​ការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក និងរាជរដ្ឋាភិបាល​កម្ពុជា និងជាមួយក្រសួងផែនការដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក WFP ដែល​បាន​ឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទជាមួយអគ្គនាយកដ្ឋានផែនការ និងវិទ្យាស្ថាន​ជាតិស្ថិតិ នៃក្រសួងផែនការ។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្មវិធីស្បៀងអាហារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក កម្មវិធីស្បៀងអាហារ​ពិភព​លោកជាមួយនឹងក្រសួងផែនការ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា សម្រាប់ឆ្នាំ​ក្រោយក្រសួងផែនការ រួមនឹងដៃគូជំនួយ នឹងចាប់ផ្តើមដំណើរការការងារអង្កេត​ចន្លោះ​​ជំរឿនកសិកម្ម អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាពសុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជា​គោល​នយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្មវិធីវិនិយោគសាធារណៈ និងយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមបានបន្ដទៀតថា កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានក្នុងកម្រិតមួយខ្ពស់​ជាមួយគ្នា ក្នុងការអនុវត្ត និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា ក្នុងដំណាក់កាលនេះ កម្ពុជា​កំពុង​​មាន​ការប្រឈមខ្លាំង ដោយសារជំនន់ទឹកភ្លៀង និងបញ្ហាការរីករាលដាល​ជំងឺ​កូវីដ​១៩ មិន​អាចកំណត់បានថា នឹងចប់នៅវេលាណាមួយជាក់លាក់ឡើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងថា ក្នុងដំណាក់កាល​នៃការ​រីករាលដាល​នៃជំងឺកូវីដ១៩នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជា​ជនក្រីក្រ និងងាយរងគ្រោះ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរង​គ្រោះ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយ​បានអនុវត្តន៍​ចំនួន៤ជុំរួចមកហើយ នឹងបន្តបើកផ្តល់រហូតដល់ចុងឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ ក្នុង​បរិការណ៍នៃការស្តារឡើងវិញនូវ loសេដ្ឋកិច្ចជាតិ និងសម្រេចឱ្យបាននូវក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួម​ទាំងរាជរដ្ឋាភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ វិស័យឯកជន ត្រូវតែខិតខំប្រឹងប្រែង ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងទ្វេដង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានថ្លែងនូវអំណរគុណចំពោះកម្មវិធីស្បៀងអាហារ ពិភពលោក ដែលជានិច្ចជាកាលគាំទ្រ និងបន្តការឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នា៕