ឯកឧត្តម គួច ចំរើន ពិនិត្យមើលសង្វាក់ផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្រុកព្រៃនប់


ព្រះសីហនុ ៖ រសៀលថ្ងៃ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក ចុះពិនិត្យមើលសង្វាក់ផលិត កម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងតំបន់សេដ្ឋកិច្ចពិសេស ចេជាង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង មានផ្ទៃដី ១៣០ហិកតា មានរោងចក្រសរុប ៣៨ ក្នុងនោះ ២៨កំពុងដំណើរការសង្វាក់ផលិត កម្ម លើការផលិតចំណីសត្វ និងគ្រឿងសង្ហារឹម ។ ដោយឡែកក្រុមហ៊ុន អាយតាវ ផេតសឹបផ្លាយ (ខេមបូឌា) មានអគារចំនួន១៧ កំពុងដំណើរការផលិត វេចខ្ចប់ចំណីសត្វនាំទៅអឺរ៉ុប ក្នុងមួយថ្ងៃរោងចក្រផលិតចំណីសត្វបាន ៣០តោន ដោយប្រើប្រាស់កម្មករ ១.២០០នាក់ ដែលវត្ថុធាតុដើមនាំចូលមកពីប្រទេសអូស្ត្រាលី។

ឯកឧត្តម គួច ចំរើន បានបន្តពិនិត្យរោងចក្រផលិតថង់ប្លាស្ទិក រោងចក្រ ហ័រកាង ផេកខេកជីង តិចណូឡូជី មាន៤អគារ មានកម្មករជាង ៥០០នាក់ ផលិតថង់ប្លាស្ទិកបាន ២០តោន ក្នុងមួយថ្ងៃ ហើយថង់ប្លាស្ទិចធ្វើការនាំចេញទៅកាន់អឺរ៉ុប ។  ​ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានបន្តទៅពិនិត្យទំនប់ទឹកស្អាត និងអាងប្រព្រឹត្តិកម្ម (ទឹកកខ្វក់) នៅតំបន់សេដ្ឋកិច្ចពិសេស ចេជាង ផងដែរ៕