ឯកឧត្ដម ឃួង ស្រេង ទទួលអំណោយពីសប្បុរសជន ដើម្បីយកទៅចែក បន្ដជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ


ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលអំណោយជាសម្ភារពីសប្បុរសជនសមាគមអភិវឌ្ឍន៍ពាណិជ្ជជើជាំងចិននៅកម្ពុជា គិត ជាទឹកប្រាក់១ម៉ឺនដុល្លារ ដើម្បីយកទៅចែកបន្ដជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។

 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការចូលរួមផ្តល់ជា អំណោយមនុស្សធម៌នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយស្របពេលដែល ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុ ជីវិតប្រជាពលរដ្ឋជាចាំបាច់។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់មិត្តចិន មិនថា តាមរយៈរដ្ឋាភិបាល វិស័យឯកជនឬ អង្គការសមាគមនោះទេ ជានិច្ចកាល គឺតែងតែចូលរួមជួយ ឧបត្ថម្ភគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួប ទុក្ខលំបាកឬគ្រោះមហន្តរាយនានា។     នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្ដម អភិបាល រាជធានីភក្នំពេញ ក៏បានទទួលអំណោយសប្បរសធម៌ពីមូលនិធិ ប៊ី អិន អាយ (BNI Foundatoin) ជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាព ក្នុងការបន្តជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងជួបប្រទះ បញ្ហាជីវភាពប្រចាំថ្ងៃ។

ដោយឡែក កាលពីរសៀលថ្ងៃម្សិលមិញ  រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួល អំណោយសប្បុរធម៌ជានំចំណីមួយចំនួនពីសប្បុរសជនក្នុងរាជធានីភ្នំពេញ សម្រាប់យកបន្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះនៅតាមមូលដ្ឋានរាជធានី។

ជាមួយគ្នានោះឯកឧត្ដម ក៏បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារប្រើប្រាស់ ជាគ្រឿង ឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែល កំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តមបានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅ ជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងយកទៅជួយដល់ ប្រជាពល រដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ៕