រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា


ភ្នំពេញ ៖ នារសៀលថ្ងៃ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានបានឱ្យដឹងថា ឥទ្ធិពលនៃជំនន់ទឹកភ្លៀងមកពីផ្នែកខាងលើ ជាពិសេសមកពីផ្លូវជាតិ៤ និងជំនន់ព្រែកត្នោត បានធ្វើឱ្យវាលស្រែពិសោធន៍របស់វិទ្យាស្ថានទាំងស្រូវស្រាល និងស្រូវកណ្តាល ទទួលរងនូវការជន់លិចបណ្តាលឱ្យស្រូវស្រាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមានការប៉ះពាល់ និងខូចខាតមួយចំនួន។

តាមការអះអាងរបស់បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថានថា ប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះ នោះនៅសប្តាហ៍ក្រោយស្រូវកណ្តាលអាចធ្វើការប្រមូលផលបានខ្លះ។ ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីយកបាវខ្សាច់មកទប់ទឹកមិនឱ្យហូរចូលក្នុងអគារ ហើយកន្លែងខ្លះប្រើម៉ាស៊ីនបូមរំដោះទឹក ជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋពីការលិចលង់។ ទោះជាយ៉ាងនេះក្តី ឥទ្ធិពលនៃទឹកជំនន់នៅតែបន្ត បានចូលទៅបំផ្លាញស្រូវពូជចំនួន ៣តោនដល់ក្នុងឃ្លាំងតែម្តង។

ក្នុងអន្តរកាលនេះ វិទ្យាស្ថានកំពុងនឹងបន្តចាត់វិធានការការពារដោយប្រើបាវខ្សាច់លើកព័ទ្ធជុំវិញឃ្លាំងស្តុកស្រូវពូជ អគារសំខាន់ៗ និងបូមទឹកចេញ។ ពិនិត្យឃើញស្ថានភាពនៃគ្រោះមហន្តរាយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចាត់វិធានការការពារឱ្យបានទាន់ពេល បើទោះជាមានការប៉ះពាល់ និងខូចខាតស្រូវពូជ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្តី។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិទ្យាស្ថានរៀបចំជួសជុលហេដ្ឋារចនាសម្ព័ ន្ធ វិទ្យាស្ថានបន្ទាប់ទឹកស្រក និងត្រូវស្តារស្ថានភាពដំណាំស្រូវឡើងវិញ តាមលទ្ធភាពដែលអាចធ្វើបាន។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នេះជាបទពិសោធន៍ដែលគួរចងចាំទុកជាមេរៀនសម្រាប់ឆ្នាំបន្តបន្ទាប់។ មួយវិញទៀត ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិឱ្យបានគង់វង្សល្អ ពិសេសពូជស្រូវគ្រឹះក្នុងឃ្លាំង ធនាគារពិន្ធុ (GEN Bank) និងមន្ទីរពិសោធន៍ ។ ដើម្បីជួយសម្រាលបញ្ហាប្រឈមនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភវិទ្យាស្ថានប្រេងចំនួន ៩០០លីត្រ និងថវិកាចំនួន ៥០០ដុល្លារអាម៉េរិក ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់ ជាពិសេសការបន្តបូមទឹកចេញពីតំបន់លិចលង់។

លោកនាយកវិទ្យាស្ថាន តាងក្នុងនាមឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះពេលវេលា ទឹកចិត្ត និងការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី មកលើវិទ្យស្ថានទាំងមូល។ លោកនាយកវិទ្យាស្ថានបានផ្តល់ស្រូវពូជសែនក្រអូបចំនួន ៤តោន និងស្រូវពូជចម្រុះចំនួន ២០តោនទៀត ជូនឯកឧត្តមរដ្ឋមន្រ្តី ទុកយកទៅចែកជូនប្រជាកសិករ ឬសហគមន៍កសិកម្ម ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីចូលរួមស្តារផលិតកម្មដំណាំស្រូវក្រោយពេលទឹកស្រកឡើងវិញ។