ពលរដ្ឋរងគ្រោះដោយទឹកជំនន់១០០គ្រួសារ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៌ពីទីប្រឹក្សាក្រសួងធម្មការ និងក្រុមហ៊ុន ប៊ីម៉ារៀលអេស្ទេត


(បន្ទាយមានជ័យ)៖ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអគ្គនាយកក្រុមហ៊ុន ប៊ីម៉ារៀលអេស្ទេត និងសមាគមបេសកកម្មដំណឹងល្អ ព្រមទាំងសប្បុរសជន បាននាំអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ១០០គ្រួសារ មកពី០៩ភូមិ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ប្រចាំទិសយោភូមិភាគទី៥ ឈរជើងស្រុកព្រះនេត្រព្រះ និងឯកឧត្តម លី សារី អភិបាលរងខេត្ដបន្ទាយមានជ័យ អមដំណើដោយលោក បៀវ ថាន ប្រធានប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

នៅក្នុងឱកាសនោះឯកឧត្តម ខាន់ ខុន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យ ដើម្បីបញ្ជៀសជំងឺឆ្លងនានាដែលហូរមកតាមទឹក ក្នុងពេលទឹកកំពុងឡើង ហើយជាពិសេសនោះគឺត្រូវតែថែរក្សាការពារសុខភាព នៅពេលទឹកស្រកទៅវិញ ប្រសិនបើមានជំងឺឈឺឆ្កាត់ផ្សេងៗ ត្រូវទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។

បន្ថែមពីនេះ ឯកឧត្តមក៏ក្រើនរំឮកដល់ប្រជាពលរដ្ឋត្រូវចូលការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ ត្រូវអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្តី តែវាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលនាំមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានសម្ភារដូចជា ធុងចំរោះទឹក១ អង្ករ ២៥គីឡូ មុង១ ភួយ២ ត្រីខ ២ស៊ុង តង់១ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងអំបិល ២គីឡូក្រាម ផងដែរ៕