ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើវិសោធនកម្មមាត្រាចំនួន២ នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីទាក់ទាញទេសចរ និងជំរុញបរិយាកាសវិនិយោគ ឱ្យកាន់តែល្អប្រសើរ


(ភ្នំពេញ)៖ នៅឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើវិសោធនកម្មលើមាត្រចំនួន២ នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ដែលបញ្ចេញដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែតុលានេះ។

វិសោធនកម្មលើមាត្រចំនួន២ នៃច្បាប់ស្តីពីសារពើពន្ធ ដែលនឹងគ្រោងធ្វើនៅឆ្នាំ២០២១រួមមាន៖

១៖ ធ្វើវិសោធនកម្មមាត្រា ៧២ ថ្មី នៃច្បាប់សារពើពន្ធ ដើម្បីការកែសម្រួល និងបញ្ចូលខ្លឹមសារបន្ថែមទាក់ទិន នឹងការដាក់ឱ្យអនុវត្តយន្តការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់ទេសចរបរទេស ក្នុងគោលដៅធានាបាននូវចីរភាពកំណើនសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលចំពោះទេសចរបរទេស សំដៅជំរុញបរិយាកាសវិនិយោគ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងក្នុងគោលបំណងទាក់ទាញទេសចរបរទេស ឱ្យមកកំសាន្តនៅកម្ពុជា និងទិញទំនិញសម្រាប់យកទៅប្រើប្រាស់ នៅក្រៅកម្ពុជា ឱ្យមានការកើនឡើងកាន់តែច្រើន។

២៖ ធ្វើវិសោធនកម្មមាត្រា៤០ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីជំរុញបរិយាកាសវិនិយោគ នៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងគាំទ្រដល់ការដាក់ឱ្យអនុវត្តការចុះបញ្ជីពន្ធដារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយកន្លែង និងសម្រាលបន្ទុកចំណាយលើការចុះបញ្ជី គឺតម្រូវឱ្យមានការកែសម្រួលបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា ដោយលុបការតម្រូវ ឱ្យបង់ពន្ធប្រថាប់ត្រាចំនួន ១ ០០០ ០០០ រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ដែលច្បាប់សម្រាប់ការចាយវាយរបស់រដ្ឋក្នុងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។

ថវិកាឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេសសំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។

ថិវកាឆ្នាំ២០២១ អាចប្រសិទ្ធនាមបានថាជា ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕