អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថ្ងៃទី២៣ តុលា បានឆ្លុះបញ្ចំាងអំពីទិដ្ឋភាពសង្គមខ្មែរអ្វីខ្លះ?


(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ឲ្យដឹងថា ថ្ងៃនេះបើយើងរំឭកដល់ស្មារតី កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ក្នុងពេលដែលប្រជាជាតិខ្មែរទូទំាងព្រះនគរ កំពុងរស់នៅប្រកបដោយមោទនភាពយ៉ាងសុខសាន្ដសប្បាយរីករាយនេះ គឺបានឆ្លុះបញ្ចំាងអំពីទិដ្ឋភាពសង្គមខ្មែរដែលធ្លាប់ទទួលរងនូវភ្នក់ភ្លើងសង្រ្គាមរុំារៃជាងពីរទសវត្សនៅកម្ពុជា ដោយបន្សល់ទុក្ខនូវប្រវត្ដិសោកនាដកម្ម ការបាត់បង់ជីវិតប្រជាពលរដ្ឋរាប់លាននាក់ ការបែកបាក់គ្រួសារដែលធ្វើឲ្យខ្មែរ ចងចាំ និងមិនអាចបំភ្លេចបាននូវព្រឹត្ដិការណ៍ដ៏សាហាវយ៉ង់ឃ្នងនាពេលកន្លងមកនេះ។

ពីព្រោះបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរំលំដោយរណសិរ្សរំដោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចទាំងបីគឺសម្ដេច ជា ស៊ីម, សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេសកម្ពុជាត្រូវបានស្ដារឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែទោះជាយ៉ាងណាក្ដី ក៏កម្ពុជាបានប្រឈមមុខជាថ្មីម្ដងទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុងប្រទេសនិងម្ខាងទៀតនៅក្រៅប្រទេស។ នៅខាងក្រៅប្រទេសជាកម្លាំងនយោបាយ និងយោធាដែលបង្កអស្ថេរភាព បន្ទាប់ពីរបបខ្មែរក្រហម។

ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេងដល់ប្រទេសជាតិ និងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមជួបប្រាស្រ័យ ទាក់ទងជាមួយសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) គឺកាលដែលព្រះអង្គនៅមានព្រះជន្មគង់នៅទីក្រុងប៉ារីស ប្រទេសបារំាង។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះការចរចាក៏ចាប់ផ្ដើមឡើងពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ ក្នុងនោះមានការចូលរួមយ៉ាងសកម្មបំផុតពីមហាអំណាចទាំងប្រាំរួមមាន ប្រទេសចិន សហភាពសូវៀត បារំាង ចក្រភព អង់គ្លេស និងសហរដ្ឋអាមេរិក។ ការចូលរួមនេះ ក៏បានលេចឡើងនូវការប្រទាញប្រទង់គ្នារវាងប៉ូលពីរ៖ សហភាពសូវៀត (គាំទ្ររដ្ឋាភិបាលក្នុងប្រទេស) រីឯមហាអំណាចបួនទៀត (គាំទ្រចលនាតស៊ូក្រៅប្រទេស) រួមមាន៖ រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ (គាំទ្រសាធារណរដ្ឋ) ហ៊្វុនស៊ិនប៉ិច (គាំទ្ររាជានិយម) និងកម្ពុជាប្រជាធិបតេយ្យ (គាំទ្រខ្មែរក្រហម)។

នៅទីបញ្ចប់ក្រោមការសម្របសម្រួលពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ។ ក្នុង នោះមានប្រទេសចំនួន១៨ ដែលបានចុះកិច្ចព្រមព្រៀង ធ្វើជាសក្ខីកម្ម ហើយបានប្ដេជ្ញាជួយជ្រោមជ្រែងកម្ពុជាឲ្យមានសន្ដិភាពពេញលេញ និងស្ដារប្រទេសឡើងវិញ។

ក្នុងចំណោមប្រទេសទាំង១៨ រួមមានមហាអំណាចទាំងប្រាំប្រទេសទាំង៨ របស់អាស៊ាន (លើកលែងតែប្រទេសភូមា) ព្រមទាំងប្រទេសអ្នកមានបួនទៀតគឺប្រទេសអូស្រ្ដាលី ជប៉ុន កាណាដា និងឥណ្ឌា និងប្រទេសមិនចូលបក្ខសម្ព័ន្ធគឺប្រទេសអតីតយូហ្គោស្លាវី។ កិច្ចព្រមព្រៀងមានបីចំណុចធំៗ គឺទី១ ការបញ្ចប់នូវជម្លោះរវាងខ្មែរនិងខ្មែរ ទី២ ការរក្សាការពារនូវអធិបតេយ្យបូរណភាពទឹកដី និងទី៣ ការស្ដារប្រទេសឡើងវិញ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថាស្ថិតក្នុងបរិការនេះបន្ទាប់មកនៅឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំការបោះឆ្នោតសកលមួយដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ជ្រើសតាំងសភាតំណាងរាស្រ្ដ និងរៀបចំរដ្ឋាភិបាល។ ចាប់ពីពេលនោះមកបូរណភាពទឹកដីក៏ត្រូវបានថែរក្សាការអភិវឌ្ឍប្រទេសជាតិ តាមរយៈការធានាផ្ដល់ជំនួយពីប្រទេស អ្នកមានជាបន្ដបន្ទាប់ជារៀងរាល់ឆ្នាំ សិទ្ធិសេរីភាពក៏បានរីកធំធាត់ជាបណ្ដើរៗ។ តែអ្វីដែលមិនទាន់បញ្ចប់នោះគឺសង្រ្គាម និងជម្លោះនៅតែមានបន្ដរវាងរាជរដ្ឋាភិបាលស្របច្បាប់ និងក្រុមអង្គការចាត់តាំងយោធារបស់ ខ្មែរក្រហមក្រៅច្បាប់។ សង្រ្គាមនិងការបាត់បង់ជីវិតរបស់ប្រជាជនខ្មែរនៅតែបន្ដ ដែលជាកត្ដាមួយដ៏ធំបង្អស់នៃអស្ថេរភាពប្រទេសកម្ពុជា ចាប់តាំងពីការចុះកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១។ អស្ថេរភាពនេះបានប្រទាញប្រទង់ និងពន្យឺតដល់ការអភិវឌ្ឍកម្ពុជា និងការផ្ដល់សុខមាលភាពដល់ប្រជាពលរដ្ឋ។

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ស្ថិតនៅចំពោះមុខសភាពការណ៍ស្រុកទេសបន្ដបែកបាក់នេះដោយការឈ្វេងយល់ដ៏ខ្ពង់ខ្ពស់របស់ មគ្គុទេសដ៏ឆ្នើម និងទឹកចិត្ដ ផ្សះផ្សារ និងឯកភាពជាតិរបស់សម្ដេច ហ៊ុន សែន បានធ្វើការចរចាជាមួយក្រុម ខ្មែរក្រហមដែលមិនទទួលស្គាល់នូវអាណត្ដិរបស់អង្គការសហប្រជាជាតិ និងការមិនទទួលស្គាល់ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ហើយរហូតឈានដល់ការកម្ទេចអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមជាស្ថាពរ និងដោយសុវត្ថិភាព។

ចំពោះការបំបាត់ចោលទាំងស្រុងនូវកម្លាំងដែលមានតែមួយគត់របស់ខ្មែរក្រហមនេះ បានទាញក្រុមខ្មែរក្រហមឲ្យមកចូលរួមក្នុងសង្គមធំរបស់ខ្មែរគឺជានយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន។ ខ្មែរក្រហម បានសម្រេចចិត្ដចូលរួមរស់ក្នុងមហាគ្រួសារតែមួយរបស់កម្ពុជានេះ គឺជាកត្ដាចម្បងញ៉ាំងឲ្យមានសន្ដិភាព និងស្ថេរភាពដល់កម្ពុជា។
សន្ដិភាពពិតប្រាកដ គឺនៅឆ្នាំ១៩៩៨ ដែលជាកត្ដាចម្បងបង្អស់ក្នុងការផ្ដល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការលើកស្តួយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យ កំណើនសេដ្ឋកិច្ចមានសន្ទុះយ៉ាងលឿនខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ី ហើយបានលើកស្ទួយកិត្យានុភាពរបស់កម្ពុជា ដែលធ្លាប់ជាប្រទេសមួយត្រូវបានគេមើលងាយមើល ថោកដោយសារសង្រ្គាមរ៉ាំរៃ ការកាប់សម្លាប់គ្នាឯង និងកង្វះការឯកភាពជាតិនោះ។

បើដូច្នេះចំពោះថ្ងៃទី២៣ តុលា គឺជាថ្ងៃឆ្លុះបញ្ចំាងនូវទិដ្ឋភាព២ជាអាទ៍៖

ទី១៖ ឲ្យយើងចងចំានូវព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដសង្រ្គាមរុំារ៉ៃពីអតីតកាល បណ្ដាលមកពីការផ្លាស់ប្ដូររបបពីមួយទៅមួយជាបន្ដបន្ទាប់ដូចជា ពីព្រះរាជាណាចក្រ មកជារបបសាធារណរដ្ឋ (ស្ថិតក្រោមអាមេរិកំាង )បន្ដមកគឺពីរបបសាធារណរដ្ឋ មកជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ហើយពីរបបកម្ពុជាប្រជាធិបតេយ្យ មកជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬរដ្ឋកម្ពុជា និងចុងក្រោយមករបបព្រះរាជាណាចក្រវិញដដែល។ ក្នុងការបែកបាក់ជាតិនេះ បើពិនិត្យអំពីមនោគមវិជ្ជានយោបាយស្រុកខ្មែរ ហើយបើយកទៅដាក់ក្នុងកំណត់ត្រាពិភពលោក គឺ «កម្ពុជាអាចជាប់លេខ១» លើពិភពលោក ។

ទី២៖ ឲ្យយើងរួបរួមគ្នាគឺយក «សន្ដិភាព» ដែលប្រជាជាតិខ្មែរកំពុងរស់នៅជួបជុំវង់ត្រកូលជាមហាគ្រួសារខ្មែរតែមួយយ៉ាងសប្បាយរីករាយនេះធ្វើជាម្កុដសម្រាប់ប្រទេសជាតិ ខ្លួនតរៀងទៅ៕