ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម តំណាងសម្តេចតេជោ នាំអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងជាង៦ពាន់គ្រួសារ នៅស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងជាង៦ពាន់គ្រួសារ នៅស្រុកមង្គលបុរី (៤ពាន់គ្រួសារ) និងនៅក្រុងសិរីសោភ័ណ (២ពាន់គ្រួសារ) ខេត្តបន្ទាយមានជ័យ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបដល់ប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរីថា មុនឡើងយន្តហោះត្រឡប់មករាជធានីភ្នំពេញវិញ សម្តេចតេជោបានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខតាមរយៈលោកដល់ប្រជាពលរដ្ឋទូទាំងស្រុក។ សម្តេចមានការសោកស្តាយដែលមិនបានមកជួបពួកគាត់ដោយផ្ទាល់ ដូចកាលពីចុះជួបប្រជាពលរដ្ឋចំនួន ៥ពាន់គ្រួសារមុន ដោយសារតែសម្តេចមានកិច្ចការងារប្រទេសជាតិជាច្រើន ត្រូវដោះស្រាយ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាយោគយល់។

បន្ថែមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏សូមអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំង៦ពាន់គ្រួសារ ដែលទើបនឹងទទួលបានអំណោយនាថ្ងៃនេះ ដោយសារតែកាលពីពេលថ្ងៃសម្តេចចុះមកចែក ដោយផ្ទាល់ មិនទាន់ទទួល។ ដូច្នេះសម្រាប់ថ្ងៃនេះក្នុងនាមសម្តេចតេជោ ហ៊ុន សែន រួមនឹងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានស្តីទីក្រុមងារងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយជ័យ អ្នកតំណាងរាស្ត្រ លោកអភិបាលខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដើម្បីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅទីនេះឱ្យគ្រប់ចំនួន ដោយមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ ឬគ្រួសារណាមួយ មិនទទួលបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល និងអាជ្ញាធរនោះទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា នៅក្នុងស្រុកមង្គលបុរី មានប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋចំនួន៥ពាន់គ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះមកចែកអំណោយជូនដោយផ្ទាល់ ដូច្នេះសម្រាប់ប្រជាពលរដ្ឋណាដែលមិនទាន់ទទួលបានអំណោយ ពីសម្តេចតេជោនាថ្ងៃមុនោះ ថ្ងៃនេះក្នុងនាមជាតំណាងរបស់សម្តេច បានមកបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានគ្រប់ៗ ហើយក៏កុំមេត្តាសូមអធ្យាស្រ័យចំពោះភាពយឺតយ៉ាវ ការចែកអំណោយដល់បងប្អូនផងដែរ ពីព្រោះបណ្តាលមកពីការដឹកជញ្ជូន សម្ភារពីរាជធានីភ្នំពេញ មកកាន់ស្រុកមង្គលបុរី មានភាពយឺតយ៉ាវបន្ថែមពីនេះ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនោះកងទ័ព បានដឹកជញ្ជូនសម្ភារសង្គ្រោះបន្ទាន់ទាំងយប់ ទាំងថ្ងៃ គ្មានការសម្រាកនោះទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់ពលរដ្ឋរងគ្រោះក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបំភ្លេច ឬទុកប្រជាពលរដ្ឋរូបណាចោលនោះឡើយ។ បើទោះបីសម្តេចទាំងទ្វេមិនទាន់បានចុះមកដល់ដោយផ្ទាល់ តែសម្តេចបានដាក់បទបញ្ជាដាច់ ណាត់ដល់រូបលោក និងអាជ្ញាធរក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកទាំងនេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ជាខេត្តទី២ បន្ទាប់ពីខេត្តបាត់ដំបង ក្នុងចំណោមរាជធានី-ខេត្តរងផលប៉ះពាល់ទាំង២០ និងមានប្រជាជនប្រមាណ ៤ម៉ឺនគ្រួសារ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងមានប្រជាពលរដ្ឋប្រមាណ៥ពាន់គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈមានប្រជាជន២២នាក់ បានស្លាប់ដោយសារលង់ទឹក។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ៣ម៉ឺនគ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឃីតចំនួន ៤ម៉ឺនឃីត បើគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ លោកថា សម្តេចតេជោបានចុះមកផ្ទាល់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់បានប្រមាណ ៣ម៉ឺនគ្រួសារ ដោយឡែកដោយសារតែសម្តេចតេជោ មានភារកិច្ចច្រើនត្រូវដោះស្រាយនោះ សម្តេចក៏បានចាត់ឱ្យទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដែលនៅសេសសល់ឱ្យបានគ្រប់ៗគ្នា៕