សម្តេចតេជោ ហ៊ុន សែន៖ ទាំងបរទេស និងខ្មែរ ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា គឺចង់ឈានទៅធ្វើរដ្ឋប្រហារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទាំងពួកបរទេស និងជនជាតិខ្មែរមួយចំនួន ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺមានបំណងចង់ឈានទៅធ្វើរដ្ឋប្រហារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធុញទ្រាន់នឹងពួកបរទេស និងខ្មែរមួយចំនួន ដែលចោទរឿងវត្តមានទ័ពចិននៅកម្ពុជា។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានស្នើពួកបរទេស និងខ្មែរ ដែលចោទលើរឿងនេះ បញ្ចេញភស្តុតាង បើមិនបញ្ចេញទេ គឺមានន័យថាកំពុងភូតកុហក។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «តើចិនមានកងទ័ពនៅកម្ពុជាទេ? កម្ពុជា បោះសិទ្ធិឲ្យចិនមានកងទ័ពនៅកម្ពុជាពីអង្កាល់ណា? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួន បូកជាមួយខ្មែររបស់យើង រុញសភាពការណ៍ឡើង។ សូមបញ្ជាក់ថា យើងធុញទ្រាន់ណាស់ហើយ អស់លោកអ្នក»

«នាយករដ្ឋមន្ត្រីនិយាយមិនស្តាប់ លោកឯងមានភស្តុតាងឯណាបញ្ចេញមក ថាកម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ ជាមួយនឹងចិនប្រើប្រាស់ផ្តាច់មុខនៅកំពង់ផែរាម រយៈពេល ៣០ឆ្នាំ។ បើអ្នកឯងមិនបញ្ចេញភស្តុតាង មានន័យថា អ្នកឯងភូតកុហក»។ នេះជាការបញ្ជាក់ខ្លាំងៗ ពីសម្តេចតេជោ ហ៊ុន សែន។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានចោទសួរបរទេសចោទរឿងវត្តមានទ័ពចិននៅកម្ពុជានេះ មានបំណងចង់បានអ្វី ខណៈឆ្នាំ១៩៧០ បានរុញកម្ពុជាឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងហើយនោះ?

ក្នុងសកម្មភាពរបស់ក្រុមប្រឆាំង សុទ្ធតែមានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបែបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភរិយាលោក ហូ វ៉ាន់ កុំឲ្យចូលរួមធ្វើសកម្មភាពចែកលុយដល់ក្រុមធ្វើចលនារដ្ឋប្រហារទាំងនេះឲ្យសោះ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ពេលក្រុមបាតុករធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ ដើម្បីប្រឆាំងថាមានវត្តមានទ័ពចិននៅកម្ពុជា គឺលោក ហូ វ៉ាន់ អតីតមេដឹកនាំជានខ្ពស់មួយរូប អតីតគណបក្សសង្រ្គោះជាតិ ជាអ្នកបញ្ជាពីក្រោយខ្នង។ សម្តេចថែមទម្លាយសំឡេងលោក ហូ វ៉ាន់ ដាក់បទបញ្ជាដល់ក្រុមខ្លួន ឲ្យធ្វើបាតុកម្មនៅស្ថានទូតចិនទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា នៅកម្ពុជា មានតែចិនជាអ្នកវិនិយោគ តែគ្មានកងទ័ពចិននោះទេ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលពួកបរទេស ជាពិសេសសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពចិន នៅកម្ពុជានោះ ទោះបីជាពួកគេគ្មានភស្តុតាងក៏ដោយ។ ការចោទប្រកាន់ថា មានវត្តមានទ័ពចិននៅកម្ពុជា ទាំងពីរលើករួមមាន៖ លើកទី១ កាលពីខែកក្កដា ឆ្នាំ២០១៩ ចុះផ្សាយដោយសារព័ត៌មាន the Wall Street Journal និងលើកទី២ នៅដើមខែតុលា ឆ្នាំ២០២០នេះ អំឡុងពេលកម្ពុជា រៀបគម្រោងសាងសង់អគារ កងទ័ពនៅមូលដ្ឋានទ័ពរាម ខេត្តព្រះសីហនុ៕