ក្រសួងសេដ្ឋកិច្ច បណ្តុះបណ្តាលជំនាញគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធជូនមន្ត្រីរដ្ឋបាលខេត្តបាត់ដំបង


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជូនមន្ត្រីរាជការ នៃមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុកនៃខេត្តបាត់ដំបង សរុប ៦៣នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយអភិបាលរងនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តខេត្តបាត់ដំបង រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៨០នាក់។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការកសាង និងអភិវឌ្ឍសមត្ថភាព។ ពិសេសលើជំនាញលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការគាំទ្រគន្លឹះ ដើម្បីរួមចំណែកពង្រឹងពង្រីកចំណេះដឹង និងសមត្ថភាពជំនាញបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពជូនប្រជាជន ស្របតាមស្មារតី នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំឭកថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដំបូងនៅឆ្នាំ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ។

លទ្ធផលនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារណៈកន្លងមក បានធ្វើឱ្យកម្ពុជាកសាងបាននូវ «ភាពជឿទុកចិត្តនៃថវិកា» នៅក្នុងដំណាក់កាលទី១ (២០០៤-២០០៨) និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅក្នុងដំណាក់កាលទី២ (២០០៩ -២០១៥) ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាអាចសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងបង្កើតបាននូវអតិរេកសាច់ប្រាក់ជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានក្នុងការបង្កើនការវិនិយោគសាធារណៈលើវិស័យអាទិភាពសំខាន់ៗ ដូចជាអប់រំ និងសុខាភិបាល ព្រមទាំងអាចបង្កើនប្រាក់បៀវត្យជូនគ្រូបង្រៀន គ្រូពេទ្យ មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយបើកផ្តល់បានទាន់ពេលវេលា តាមប្រព័ន្ធធនាគារ ពីរដងក្នុងមួយខែជាទៀងទាត់ទៀតផង។

បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ សំដៅបង្កើន «កាផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ព្រមជាមួយនឹងការផ្ទេរនូវ ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។ ដំណាក់កាលទី៣ នេះ គ្រោងបញ្ចប់ចុងឆ្នាំ ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅបង្កើន «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយ នៃការកែទម្រង់ដ៏មានសារសំខាន់នេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣, នៅឆ្នាំ ២០១៥, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ នៅអគ្គនាយកដ្ឋានសំខាន់ៗ ចំនួន ៨ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនិងរតនាគារ រាជធានី-ខេត្តទាំង ២៥ សម្រាប់ជំហានទី១ ដែលបានរួមចំណែកជួយធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវជោគជ័យ ជាពិសេស គឺការធានាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ។ បច្ចុប្បន្នការអនុវត្តប្រព័ន្ធ FMIS កំពុងស្ថិតនៅក្នុងជំហានទី២ ដែលត្រូវបានពង្រីកវិសាលភាពទៅដល់ក្រសួងស្ថាប័នចំនួន ៣៧ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ មុននឹងអនុវត្តជំហានទី៣ (២០២១-២០២៥) នាពេលខាងមុខ ដែលតាមគម្រោង រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវចូលរួមអនុវត្តប្រព័ន្ធ FMIS នៅក្នុងជំហានទី៣ នោះផងដែរ ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តផងដែរ នូវយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ក្នុងគោលដៅប្រែក្លាយជាបណ្តើរៗ នូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ។ យុទ្ធសាស្ត្រនេះចង្អុលបង្ហាញឱ្យមានយុទ្ធសាស្រ្តសំខាន់ៗបីថែមទៀតគឺយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ និង យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៩-២០២៣ ដែលជាការបន្តកែទម្រង់ជាយុទ្ធសាស្ត្រ កាន់តែមុតស្រួច និងស៊ីជម្រៅ សំដៅរួមចំណែកប្រកបដោយជវភាព ក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ប្រការនេះ តម្រូវឱ្យគ្រប់អង្គភាព និង ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ការលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរបស់ខ្លួន។ ជាពិសេសលើ «ជំនាញពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។

ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលរាជធានីខេត្ត និង ផ្តល់ឱកាសឱ្យសិក្ខាកាមគោលដៅ បានសិក្សាស្វែងយល់ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់រួមចំណែកអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និង ត្រៀមអនុវត្តដំណាក់កាលទី ៤ ឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការជិតស្និទ្ធិក្នុងការរៀបចំនិងអនុវត្តវគ្គបណ្តុះបណ្តល ដ៏មានសារសំខាន់នេះ ជូនដល់សិក្ខាកាមគោលដៅ និង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមរៀនសូត្រឱ្យបានទៀងទាត់ និងខិតខំត្រងត្រាប់ ស្វែងយល់ចំពោះប្រធានបទ ព្រមទាំងចូលរួម ផ្លាស់ប្តូរគំនិតយោបល់ ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើពិតប្រាកដ សម្រាប់អនុវត្តការងារនៅពេលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព និង ផលិតភាព ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល៕