គណៈកម្មាធិការព្រំដែន និងគណៈកម្មការជំនាញរដ្ឋសភា ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម


គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាមួយ គណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំសភាពេញអង្គ។

លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចំណែកខាងរដ្ឋសភាមាន ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការទី៥ គណៈកម្មការទី៦ នៃរដ្ឋសភា។

លោកជំទាវ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ហើយដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដើម្បីត្រៀមដាក់បញ្ជូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ៕