ឯកឧត្ដម ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន ដើម្បីយកទៅចែកបន្ត ដល់ជនរងគ្រោះ និងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ


ភ្នំពេញ ៖ អំណោយជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ត្រូវបានសប្បុរសជន ពីរក្រុម យកមកប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានី បានបន្ត ចែកជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបាន និងកំពុង ប្រឈមរហូតមក ដល់ពេលនេះ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលា រាជធានីភ្នំពេញ។

 

អំណោយសប្បុរសជនក្រុមទី១ ផ្តល់ជូនមាន អង្កចំនួន១០តោន មី៥០០កេស, ត្រីខ៥០០យូ ទឹកត្រី៥០០យួរ ទឹកស៊ីអ៊ីវ៥០០យួរ និងសប្បុរសជនក្រុមទី២ ផ្តល់ជូនទឹក បរិសុទ្ធ៥០០០កេស។ ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិន អាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ កំពុងជួបនូវ គ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានា ដើម្បីសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលរាជធានី ក្នុងឱកាស នោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយ ជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរង គ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាកនេះ។

ឯកឧត្ដមសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូន ដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជា ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ៕