វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅស្រុកជាំក្សាន្ត


ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិសាស្ដ្រភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មានវត្តមានអញ្ជើញចូលរួមនាឱកាសនោះដែរ មានឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាតំណាងរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង សុវណ្ណ បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲអាជ្ញាធរ ដែនដី និងមន្ទីរពាក់ព័ន្ធធ្វើការដោះស្រាយ និងឆ្លើយតបរាល់តំរូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងអោយបានល្អប្រសើរបន្ថែមទៀត ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព, ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងធនធានធម្មជាតិ, ការប្រើប្រាស់ដីធ្លី ព្រៃឈើ និងជលផល, ការងារអប់រំ យុវជន និងកីឡា និងការផ្ដល់សេវាសុខភាពអនាម័យនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩។

មានសំណូមពរ និងក្ដីកង្វល់ព្រមទាំងតម្រូវការនាពេលនោះ ប្រជាពលរដ្ឋបានលើកឡើងអំពីសំណូមពរមួយចំនួន ដែលទាក់ទងទៅនឹងបញ្ហាដីធ្លី បញ្ហាសម្រាម លូបង្ហូរទឹក ស្នើសុំធ្វើផ្លូវថ្មី ពីត្មាតប៉ើយទៅភូមិព្រីងធំ និងបញ្ហាភ្លើងអគ្គិសនីប្រើប្រាស់ពុំគ្រប់គ្រាន់ផងដែរ។

ឆ្លើយតបទៅនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏មានការពន្យល់បកស្រាយ និងដោះស្រាយពីគ្រប់បណ្ដាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់យ៉ាងផុសផុល។