ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកអន្លង់វែង


ឧត្តរមានជ័យ ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅរសៀលថ្ងៃ៩កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ បានបន្ដនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន ៦២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

 

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាទួលស្វាយ ស្ថិតនៅភូមិ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោក ហាំង ម៉េង អភិបាលស្រុកអន្លង់វែង បានឱ្យដឹងថា ក្នុងស្រុកអន្លង់វែង រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងមានចំនួន០៤ឃុំ គឺឃុំត្រពាំងតាវ ឃុំអន្លង់វែង ឃុំថ្លាត និង ឃុំលំទង  ក្នុងនោះខូចខាត លិចផ្ទះប្រជាពលរដ្ឋចំនួន៩២៩គ្រួសារ លិចផ្លូវចំនួន ២៥ខ្សែ លិចស្រូវ ចំនួន៧០៣ហិកតា (ខូចខាតទាំងស្រុង ចំនួន៤៥១ហិកតា) លិចដំណាំកសិ-ឧស្សាហកម្ម ចំនួន៦១១ហិកតា លិចដំណាំរួមផ្សំ ចំនួន៣៦៤ហិកតា ។

ឯកឧត្តម គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកអន្លង់វែងផងដែរ ។ ឯកឧត្តមបន្តថា ប៉ុន្មានថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្ដ្រី បានចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៤ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន និងសុំឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតគាំទ្រសម្តេ ចតេជោ ហ៊ុន សែន ជាបន្តទៀត ពោលគាំទ្រសម្តេចតេជោ គឺគាំទ្រសន្តិភាព និងការអភិវឌ្ឍជាតិ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ៦២១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រី១យួរ និងទឹកបរិសុទ្ធ១កេស ៕