កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS


នៅព្រឹកថ្ងៃទី១១កើត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS ជាមួយ លោក Luke Arnold អនុទូតនៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមទាំងតំណាងមកពី ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវមកពីខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាបដែលទទួលបន្ទុកការងារពិការភាព និងការងារទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ។
កិច្ចប្រជុំនេះមានគោលបំណងផ្តោតទៅលើ វឌ្ឍនភាពនៃកម្មវិធី ACCESS ក្នុងការអនុវត្ត២ឆ្នាំកន្លងមក និងការពិនិត្យ និងអនុម័តលើអាទិភាពជាយុទ្ធសាស្រ្តសម្រាប់ឆ្នាំទី ៣ និងលទ្ធភាពនៃការបន្ត២ឆ្នាំបន្ថែមទៀត និងពិនិត្យ និងអនុម័តលើការវិភាជថវិកាបន្ថែមក្នុងឆ្នាំទី ៣សម្រាប់អ្នកទទួលថវិកាជំនួយចំនួន ១១។
សមិទ្ធផលដែលបានអនុវត្តក្នុងរយៈពេល២ឆ្នាំកន្លងមក និងកិច្ចពិភាក្សាទាក់ទងនឹងអាទិភាពជាយុទ្ធសាស្រ្តសម្រាប់ឆ្នាំទី ៣ ក៏ដូចជាការងារបន្ត២ឆ្នាំបន្ថែម បាននឹងចូលរួមចំណែកដល់ការអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (NDSP2019-2023) និងផែនការសកម្មជាតិស្តីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើ យេនឌ័រ (NAPVAW2019-2023)ឱ្យបានកាន់តែប្រសើរ និងឆ្លើយតបនឹងតម្រូវការរបស់ក្រុមគោលដៅ ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់ការរីករាលដាលនិងផលប៉ះពាល់ពីជំងឺកូវីដ-១៩។