ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម រំលឹកអាជ្ញាធរឱ្យត្រៀមជួយពលរដ្ឋបង្កបង្កើនផលឡើងវិញក្រោយទឹកជំនន់ តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន


(ឧត្តរមានជ័យ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បន្តនាំអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនទៅចែកជូនរងគ្រោះការលិចលង់ដោយជំនន់ទឹកភ្លៀងប្រមាណ ១៥០គ្រួសារ នៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំង ១៥០គ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី  បានថ្លែងទៅកាន់ពលរដ្ឋរងគ្រោះអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានគិតគូរ លោកបានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពលិចលង់បង្កដោយជំនន់ទឹកភ្លៀងនេះ»។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា «សម្តេចទាំងទ្វេលោកគិតគូរ លោកខ្វាយខ្វល់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានចុះទៅសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់នៅរាជធានីភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ។ តែដោយសារការមមាញឹកនឹងការងារជាតិ លោកមិនបានទៅគ្រប់កន្លែងនោះទេ។ ទោះបីលោកមិនបានទៅគ្រប់កន្លែងក្តី តែលោកបានដាស់តឿន និងជំរុញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះជួយជម្លៀស និងចែកស្បៀងអាហារមិនឱ្យពលរដ្ឋណាម្នាក់ជួបការលំបាកដោយយើងមិនបានដឹងនោះឡើយ»។

ក្រៅតែលើកបង្ហាញនូវការគិតគូរពីសុខទុក្ខរបស់ជនរងគ្រោះពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកបង្ហាញពីការដាក់ចេញនូវវិធានការបន្ទាន់ក្នុងការស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ ដែលជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកថា ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងសាងសង់ស្ពានភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន៤ ចុះធ្វើប្រតិបត្តិការបន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋឡើងវិញក្រោយទឹកជំនន់។

ក្នុងពិធីនេះ បានចាត់ឱ្យរដ្ឋមន្ត្រីទាំង៤រូប ចាត់មន្ត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះទៅសិក្សាដោយផ្ទាល់នៅតាមតំបន់រងការជន់លិច ដោយមិនត្រូវរង់ចាំរបាយការណ៍ពីមន្ទីរនោះឡើយ។

បើតាមសម្តេចតេជោ រដ្ឋមន្ត្រីក្រសួងនិមួយៗត្រូវចុះធ្វើប្រតិបត្តិការទៅតាមសមត្ថកិច្ចក្រសួង។ ពោលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសិក្សា និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិដែលប៉ះពាល់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសិក្សា និងជួសជុលឡើងវិញផ្លូវលំជនបទ រដ្ឋមន្ត្រីក្រសួងធនធានទឹក ត្រូវសិក្សា និងជួសជុលប្រព័ន្ធប្រឡាយដែលប៉ះពាល់ និងរៀបចំប្រព័ន្ធទឹកសម្រាប់ពលរដ្ឋស្រោចស្រព។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវចុះសិក្សាពីផលប៉ះពាល់ស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញវិធានការ និងដំណោះស្រាយបន្ទាន់ ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា នេះជាការបង្ហាញឱ្យឃើញពីការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោក្នុងនាមជាអ្នកដឹកនាំកំពូលក្នុងជោគវាសនាជាតិ និងប្រជាជន ក្នុងការស្តារជីវភាព និងសេដ្ឋកិច្ចឡើងវិញ ក្រោយគ្រោះទឹកជំនន់នេះ។

ដើម្បីធ្វើឱ្យបទបញ្ជារបស់សម្តេចតេជោទទួលបានជោគជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានស្នើអាជ្ញាធរនៅឃុំចុងកាល់ ស្រុកចុងកាល់ ជួយដោះស្រាយរាល់ការប្រឈមរបស់ប្រជាពលរដ្ឋ និងសម្រួលដល់ការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែរថា ការលិចលង់ជារឿងលំបាកមួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ តែត្រូវតែរួមគ្នាស្តារជីវភាពឡើងវិញក្រោយទឹកជំនន់ គឺត្រូវតែប្រឹងប្រែងដាំដុះទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ៕