ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំក្រុមការងារជួសជុលបន្ទាន់ផ្លូវជនបទ ដែលខូចខាតដោយទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសសិក្សា និងជួសជុលបន្ទាន់ផ្លូវ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង។

សម្រាប់ផ្លូវដែលត្រូវជួសជុលឡើងវិញ ដែលឯកឧត្តមរដ្ឋមន្ត្រីចុះដឹកនាំក្រុមការងារនាព្រឹកនេះរួមមាន៖ ផ្លូវនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ប្រវែង១៦គីឡូម៉ែត្រ ប្រវែងដែលរងគ្រោះខូចខាតប្រវែង២.៣គីឡូមែត្រ និងនិង១ខ្សែទៀតជួសជុលបន្ទន់ ប្រវែង៤.៩គីឡូម៉ែត្រកំណាត់ផ្លូវ ដែលត្រូវជួសជុលប្រវែង១.២គីឡូមែត្រ ក្នុងភូមិទួលគ្រួសសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា អនុវត្តន៍តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលខូចខាតដោយសារទឹកជំនន់។ តបតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំក្រុមការងារភ្លាមៗ ចុះពិនិត្យ សិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាតទាំងនោះ ដោយមិនរង់ចាំយូរនោះឡើយ៕