ឯកឧត្តម សួស យ៉ារ៉ា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី


ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ គឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។
ក្នុងអំឡុងពេលមកដល់កម្ពុជា លោក ភីធើ ស៊ីចាតូ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗដូចជា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ៕