លោក ចាន់ ស៊ីណាត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងសិក្សាគ្រោងប្លង់លំអិតលើគម្រោងមួយចំនួននៅក្នុងខេត្តកំពង់ចាម


អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងសិក្សាគ្រោងប្លង់លំអិតលើគម្រោងមួយចំនួននៅក្នុងខេត្តកំពង់ចាម ដើម្បីឈានទៅដាក់ចេញនូវផែនការអនុវត្តចំពោះមុខ ដូចខាងក្រោម ៖
១- ផ្តល់ប្រព័ន្ធប្រឡាយជើងក្អែបប្រវែង ៣៥ គម នៅប្រព័ន្ធធារាសាស្រ្តពោធិ៍តារ៉េស ប្រព័ន្ធធារាសាស្រ្តទំនប់អាងតំបន់ ប្រព័ន្ធធារាសាស្រ្តទំនប់អាងស្រុក ប្រព័ន្ធធារាសាស្រ្តទំនប់អាងប្រាំកុម្ភៈ និងប្រព័ន្ធធារាសាស្រ្តទឹកឆា ។
២- សិក្សាអំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកគគី ស្ថិតក្នុងខេត្តត្បូងឃ្មុំ ថាតើគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខេត្តកំពង់ចាម ។
៣- ជួសជុលឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់ផ្តៅជុំ រួចបញ្ចូលប្រព័ន្ធនេះជាមួយប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតំបន់ និងប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្រុក ឱ្យទៅជាប្រព័ន្ធធារាសាស្ត្រតែមួយ (ប្រព័ន្ធធារាសាស្ត្រផ្តៅជុំ) ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រដេញទឹក ចំនួន ១៥.០០០ ហិកតា (អាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ) ស្រែវស្សា ចំនួន ៤.០០០ ហិកតា និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ ។ ទន្ទឹមនេះ ប្រព័ន្ធផ្តៅជុំ ក៏នឹងក្លាយទៅជារមណីដ្ឋានទេសចរធម្មជាតិដ៏ស្រស់ត្រកាលមួយផងដែរ ។
៤- ធ្វើការជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ដោយក្នុងនោះរួមមាន ៖
– កែលំអស្ថានីយបូមទឹក ហ៊ុន សែន ទី ៣០-៣១ ឱ្យកាន់តែធំជាងមុន និងដាក់ម៉ូទ័រដើរដោយថាមពលអគ្គីសនី ចំនួន ៣ គ្រឿង មុខកាត់ ៧០០ មម ដើម្បីធានារុញទឹកឱ្យដល់ប្រព័ន្ធធារាសាស្រ្តសន្លុង ស្ថានីយបូមទឹក ហ៊ុន សែន ទី ៤៤ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលនឹងធ្វើឱ្យតំបន់នោះអាចបង្កបង្កើនផលដំណាំស្រូវប្រាំងបាន ៣ ដង ក្នុង ១ ឆ្នាំ ។
– រុះរើស្ថានីយបូមទឹក ០១ កន្លែង ដែលបានសង់ខុសលក្ខណៈបច្ចេកទេស ចេញពីមុខស្ថានីយបូមទឹក ហ៊ុន សែន ទី ៣០-៣១ រួចធ្វើការអភិវឌ្ឍ និងគ្រប់គ្រងឱ្យត្រឹមត្រូវតាមបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ឡើងវិញ ។
– ជួសជុលស្តារឡើងវិញប្រព័ន្ធប្រឡាយមេនៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ដោយចាក់បេតុង ប្រវែង ៧ គម ៕