កិច្ចប្រជុំប្រចាំសប្តាហ៍ ស្តីពីការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរភារកិច្ចថ្មី


នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីបួនជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរភារកិច្ចថ្មី ការប្រឡងជ្រើសរើសក្របខណ្ឌថ្មី ការធ្វើបច្ចុប្បន្នភាព នៃការប្រព្រឹត្តទៅ នៃបណ្តារចនាសម្ព័ន្ធថ្មីរបស់ក្រសួង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីររាជធានី-ខេត្តទាំងអស់ប្រើប្រាស់ប្រព័ន្ធអនឡាញឱ្យបានជោគជ័យ ដោយមិនត្រូវបណ្តោយឱ្យប្រព័ន្ធដ៏មានសារសំខាន់នេះដើរថយក្រោយនោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យគ្រប់មន្ទីររាជធានី-ខេត្តទាក់ទងទៅហាងម៉ូតូ និងហាងឡានធ្វើយ៉ាងណាឱ្យពួកគាត់រៀបចំនិងទទួលយកការប្រើប្រាស់ប្រព័ន្ធអនឡាញឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបង្កើតគណៈកម្មការមួយ ដែលមានសមាសភាពចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការធានាដល់ការតាមដាន និងត្រួតពិនិត្យការអនុវត្តការងារប្រព័ន្ធអនឡាញ និងស្វែងរកហេតុផលអសកម្មនានាដែលកើតឡើងនៅក្នុងដំណើរការនេះ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព។